សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតនីហេ្សរីយ៉ា ចូលជួបសម្ដែងការគួរសម
July 29, 2022    អ្នកទស្សនា :

នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន លោកជំទាវ Folakemi l.Akinleye ឯកអគ្គរដ្ឋទូតហេ្សរីយ៉ា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវស្វាគមន៍ចំពោះលោកជំទាវ ត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធនីហេ្សរីយ៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ក៏បានជឿជាក់ថា ទោះបីមកដល់ពេលនេះ ប្រទេសទាំងពីរពុំទាន់មានកិច្ចសហប្រតិបត្តិការលើវិស័យច្រើនជាមួយគ្នាក៏ដោយ ក៏ប៉ុន្ដែតាមរយៈអាណត្តិការទូតរបស់លោកជំទាវ សម្ដេច បានសង្ឃឹម និងជឿជាក់ថា ភាគីទាំងពីរនឹងបន្ដពិនិត្យលទ្ធភាពក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត បន្ដទៅអនាគត។

ជាការឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ និងជម្រាបជូន សម្ដេចក្រឡាហោម ស ខេង បានជ្រាបផងដែរថា លោកជំទាវ បានថ្វាយសារតាំង ថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ លោកជំទាវ ពិតជាឯកភាពចំពោះការលើកឡើងរបស់ សម្ដេច ដែរថា ប្រទេសទាំងពីរ ទោះបីមិនទាន់មានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យច្រើនយ៉ាងក៏ដោយ ក៏ប៉ុន្ដែនៅក្នុងអាណត្តិការងាររបស់ លោកជំទាវ នឹងខិតខំស្វែងរកឱកាស ដើម្បីពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនថែមទៀតរវាងប្រទេសទាំងពីរ។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ លោកជំទាវ ក៏បានជម្រាបជូនសម្ដេចអំពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការងារស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ព្រោះថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនីហ្សេរីយ៉ា មានចំនួនកាន់តែច្រើនបានធ្វើដំណើរមកកាន់កម្ពុជា មានទាំងអ្នកទេសចរណ៍ និងអ្នកប្រកបមុខរបរក្នុងវិស័យផ្សេងៗផងដែរ។ ចំពោះពលរដ្ឋ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា អ្វីដែលជាកិច្ចការពាក់ព័ន្ធធំ នៅក្នុងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ គឺការផ្ដល់នូវទិដ្ឋការជូនដល់ពួកគាត់ ដើម្បីអាចមានលទ្ធភាពធ្វើដំណើរ ក៏ដូចជា ប្រកបការងារផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកជំទាវអំពីគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយជារួម និងជាមួយក្រសួងមហាផ្ទៃនិយាយដោយឡែក។ ក្នុងនោះ សម្ដេចក្រឡាហោម ក៏បានលើកឡើងជាគំនិតផ្ដួចផ្ដើមដែលភាគីទាំងពីរអាចពិនិត្យលទ្ធភាពក្នុងការរៀបចំយន្តការសហប្រតិបត្តិការជាទម្រង់អនុស្សារណៈ ឬក៏កិច្ចព្រមព្រៀងជាមួយគ្នាដែលអាចផ្តល់លទ្ធភាពដល់ភាគីទាំងពីរ ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទៅលើវិស័យជាផ្នែកដែលភាគីទាំងពីរយល់ឃើញថា មានតម្រូវការចាំបាច់។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បាន ការលើកឡើងដែរថា ភារកិច្ចស្នូលដ៏ធំមួយនៅក្នុងក្របខ័ណ្ឌ នៃសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ គឺការងារសន្តិសុខ ដូច្នេះហើយភាគីទាំងពីរក៏អាចពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀង ឬក៏ជាអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការងារសន្តិសុខ ជាពិសេសការងារឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនខុសច្បាប់ និងអំពើភេរវកម្មជាដើម។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីរីករាយចំពោះគំនិតផ្ដួចផ្ដើមរបស់ សម្ដេចក្រឡាហោម ស ខេង ក្នុងការរៀបចំឲ្យមានក្របខ័ណ្ឌផ្លូវការនៃកិច្ចសហប្រតិបត្តិការតាមរយៈ MOU ឬកិច្ចព្រមព្រៀងណាមួយរវាងភាគីទាំងពីរ ហើយថាលោកជំទាវក៏ត្រៀមខ្លួនធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងការបរទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឈានទៅសម្រេចបាននូវគោលដៅរួមនៃគំនិតផ្ដួចផ្ដើមលើឯកសារកិច្ចសហប្រតិបត្តិការផ្លូវការ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ