សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាក្នុងស្រុកអង្គស្នួល
July 23, 2022    អ្នកទស្សនា :

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សាខេត្ត,  អភិបាលខេត្តកណ្ដាល លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងអ្នកពាកព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានរាយការណ៍ជូន សម្តេច ថា អគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងអគារសិក្សាសាលារៀន ខ្មែរ-ចិន ចេង ម៉េង ព្រមទាំងសមិទ្ធផល នានាជាច្រើនទៀត ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានអគារចំនួន១ ខ្នង ពីរជាន់ ស្មើនឹង១២ បន្ទប់ និងនៅសាលាខ្មែរ-ចិន ចេង ម៉េងអគារសិក្សា១ខ្នង កំពស់២ជាន់ មាន៦បន្ទប់ និងអគារផ្ទាល់ដី៣ខ្នង ស្មើ១៤បន្ទប់ ដែលបានផ្តួចផ្តើមឧបត្ថម្ភការកសាងដោយលោក ឧកញ៉ា តែ អ៊ីឆែ និងភរិយា។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកឧកញ៉ា តែ អ៊ីឆែ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនទាំងអស់ដែលបានចូលរួមសាមគ្គីបរិច្ចាកថវិកាគាំទ្រដំណើរការកសាងអគារសិក្សា ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៅក្នុងដំណើរការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្សនៅកម្ពុជា។  សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ជាថ្មីទៀត អំពីប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជាពិសេសការដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប រហូតបង្កើតបានភាពសាំសហគមន៍។

សម្ដេចក្រឡាហោម  ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្ននឹងជំងឺឆ្លងនេះដែលបច្ចុប្បន្នកំពុងមានការរីករាលដាលជាថ្មី។ ដោយឡែកពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឃុំ សង្កាត់ ថ្មីៗនេះដែរ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ភាគរយច្រើននៃប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត គឺជាការបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រជាពលរដ្ឋបានគាំទ្រការបោះឆ្នោតនេះ។ សម្ដេចក្រឡាហោម បន្ថែមថា  «នេះក៏ជាការបង្ហាញអំពីការសាមគ្គីភាពផ្ទៃក្នុងជាតិយើងមានកម្រិតខ្ពស់ ក្នុងការបន្តអនុវត្តលើមាគ៌ាប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ»។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ កងកម្លាំងទាំងអស់នៅតាមមូលដ្ឋាន ដែលបានចូលរួមគាំទ្រដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពរលូន និងគ្មានអំពើហឹង្សា។ សម្ដេច ក្រឡាហោមបន្ថែមថា«យើងទាំងអស់គ្នាមានភាពចាស់ទុំខាងនយោបាយ នេះជាមោទនភាពធំណាស់ និងជាទុនធំណាស់សម្រាប់ប្រទេសជាតិយើង សម្រាប់អនាគតកូនចៅយើង ហើយដែលយើងត្រូវពង្រីកវាបន្ថែមទៀត ដោយចៀសវាងជម្លោះនៅពេលបោះឆ្នោត»។

សម្ដេច ក៏បានបន្តសង្កត់ធ្ងន់អំពីបញ្ហាគ្រឿងញៀននៅកម្ពុជាផងដែរ ហេីយបច្ចុប្បន្នកម្ពុជាកំពុងរៀបចំសេចក្ដីព្រាងច្បាប់មួយ ដើម្បីគ្រប់គ្រងការនាំចូលសាធាតុគីមី និងទប់ស្កាត់កុំឱ្យមានការបង្វែរយកទៅផលិតជាគ្រឿងញៀន។ សម្ដេចបន្ថែមថាបញ្ហាគ្រឿងញៀននេះក៏មានការជាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ អំពើភេវរកម្ម និងការរីកសាយភាពអាវុធមហាប្រល័យផងដែរ។

ចំពោះការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្ដេចក្រឡាហោម បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថារាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថាកម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅវិញគឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយបញ្ហានេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះសម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រចំពោះការអនុវត្តវិធានការដោះលែងអ្នកជាប់ឃុំមួយចំនួនឱ្យនៅក្រៅឃុំដោយមានលក្ខណ្ឌ និងការអនុវត្តទោសសហគមន៍។ សម្ដេចបន្តថាការងារនេះកំពុងអនុវត្តសាកល្បង ហើយប្រសិនបើអនុវត្តបានជោគជ័យ ក្រសួងនឹងពង្រីកការងារនេះទៀតដោយមានកិច្ចសហការជាមួយក្រសួងយុត្តិធម៌៕

ដោយ  ៖  នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ