សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
July 19, 2022    អ្នកទស្សនា :

នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម KADA Hiroyuki អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើការមួយចំនួនដែលជាសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ជប៉ុន រួមមាន៖ វិស័យយុត្តិធម៌,  វិស័យពន្ធនាគារ និងវិស័យការងារអន្ដោប្រវេសន៍។

ឯកឧត្តម KADA Hiroyuki បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានចំណាយពេលវេលាទទួល ឯកឧត្តម ហើយឆ្លៀតឱកាសនេះ ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានចូលរួមរំលែកទុក្ខដល់មរណភាពរបស់ អតីតនាយករដ្ឋមន្ដ្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ។

ឯកឧត្តមអនុរដ្ឋមន្រ្តីបានបន្តលើកឡើងអំពីវិស័យយុត្តិធម៌ ដែលក្រសួងយុត្តិធម៌ជប៉ុន កំពុងរៀបចំកិច្ចប្រជុំមួយ ហៅថា «កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីយុត្តិធម៌ជប៉ុន-អាស៊ាន» ដែលកម្មវិធីនេះគ្រោងធ្វើឡើងនៅឆ្នាំ២០២៣ ខាងមុខ ហើយនេះជាលើកទី១ ដែលអាស៊ានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីយុត្តិធម៌ ជាមួយប្រទេសក្រៅពីរង្វង់អាស៊ាន។ ឯកឧត្តមបានបន្តទៀតថា ការចែករំលែកតម្លៃជាសកល ដូចជា៖ និតិរដ្ឋ និងសិទ្ធិមនុស្ស គឺមានសារៈសំខាន់សម្រាប់សហគមន៍អន្ដរជាតិ ក្នុងនោះ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ នៃការចែករំលែកគុណតម្លៃជាសកលនេះ។ ឯកឧត្តមបន្ដថា កិច្ចប្រជុំនេះ ត្រូវការធាតុចូលជាច្រើនពីបណ្ដាប្រទេសនានាក្នុងអាស៊ាន រួមទាំងកម្ពុជា ក៏ដូចជាមានការគាំទ្រពីប្រទេសកម្ពុជាផងដែរ។

ចំពោះវិស័យពន្ធនាគារ ឯកឧត្តម KADA Hiroyuki បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងប្រព្រឹត្តិចំពោះជនល្មើស ហៅកាត់ថា (UNAFEI) ដែលសហការជាមួយអង្គការ UNODC កំពុងរៀបចំសិក្ខាសាលាមួយនៅប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ និងការផ្លាស់ប្ដូរធនធាន ការកសាងបណ្ដាញក្នុងវិស័យច្បាប់ និងយុត្តិធម៌។

ចំពោះការងារអន្ដោប្រវេសន៍ ឯកឧត្តម KADA Hiroyuki បានថ្លែងថា នៅដើមឆ្នាំ២០២២ ក្រសួងយុត្តិធម៌ជប៉ុន បានរៀបចំវេទិកាមួយហៅថា «វេទិកាអន្ដោប្រវេសន៍តូក្យូ» ដោយមានការចូលរួមផ្លាស់ប្ដូរព័ត៌មានពីស្ថាប័នពាក់ព័ន្ធផ្សេងៗ នៅក្នុងបណ្ដាប្រទេសអន្ដរជាតិ។ ឯកឧត្តម បានបញ្ជាក់ថា វេទិកានេះ ក៏គ្រោងរៀបចំធ្វើឡើងជាលើកទី២ នៅខែធ្នូ ឆ្នាំ២០២២ ខាងមុខ ខណៈ ឯកឧត្តម សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់បញ្ជូនគណៈប្រតិភូ ដើម្បីចូលរួមវេទិកាដ៏មានសារៈសំខាន់នេះផងដែរ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យច្បាប់កាន់តែមានការរីកចម្រើនទៅមុខទៀត។ ឆ្លៀតឱកាសនេះដែរ សម្ដេចក្រឡាហោម ក៏បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់នូវ អតីតនាយករដ្ឋមន្ដ្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ ជាឥស្សរៈជនមួយរូប បានរួមចំណែកក្នុងរក្សាសណ្ដាប់ធ្នាប់សង្គម ហើយការបាត់បង់ឯកឧត្តម គឺមិនត្រឹមតែជាការបាត់បង់ដ៏ធំរបស់ជប៉ុនប៉ុណ្ណោះទេ គឺជាបាត់បង់ឥស្សរៈជនដ៏មានតម្លៃមួយរូប របស់ពិភពលោកផងដែរ។

ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការវិស័យច្បាប់ និងយុត្តិធម៌ សម្ដេចក្រឡាហោម ក៏សម្ដែងការគាំទ្រ ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីយុត្តិធម៌ជប៉ុន-អាស៊ាន។ សម្ដេច មានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អសម្រាប់អាស៊ានផ្លាស់ប្ដូរបទពិសោធន៍ ពាក់ព័ន្ធនឹងវិស័យអនុវត្តច្បាប់ វិស័យយុត្តិធម៌ វិស័យពន្ធនាគារ និងវិស័យអន្ដោប្រវេសន៍ផងដែរ។ ពាក់ព័ន្ធទៅនឹងវិស័យពន្ធនាគារ សម្ដេចក្រឡាហោម បានលើកឡើងថា បច្ចុប្បន្នការងារពន្ធនាគារនេះគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ផងដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «កម្ពុជាកំពុងតែមានការប្រឈមមួយ គឺការចង្អៀតណែនក្នុងពន្ធនាគារ»  ដែលកន្លងមករាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការផ្សេងៗ ក្នុងនោះរួមមាន៖ ទី១-បន្ធូរបន្ថយទោស ដែលរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការពិនិត្យ និងលើកលែងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យជាតិផ្សេងៗ ,ទី២-ការអនុវត្តទោស នៅក្នុងសហគមន៍ និងទី៣-និងការដោះលែងដោយមានលក្ខខណ្ឌ។

លើវិស័យអន្តោប្រវេសន៍ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ពីមុន ការងារនេះស្ថិតក្រោមអគ្គស្នងការដ្ឋាននគរបាលជាតិ បប៉ុន្តែដោយសារការងារនេះរីកកាន់តែធំទៅ ទើបរាជរដ្ឋាភិបាលសម្រេចបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ថែមទៀត។ សម្ដេចបន្តថា សព្វថ្ងៃ ជនអន្តោប្រវេសន៍បរទេសកំពុងមានវត្តមាននៅកម្ពុជាប្រមាណ ៩ម៉ឺននាក់ ហើយរាជរដ្ឋាភិបាលកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងការងារនេះ។

ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ សម្ដេចក្រឡាហោម ស ខេង បានបន្តថា សម្ដេច ក៏ត្រៀមខ្លួនចាត់បញ្ជូនមន្រ្តីចូលរួមកិច្ចប្រជុំ និងវេទិកាទាំងពីរនៅប្រទេសជប៉ុនដែលគ្រោងរៀបចំនៅចុងឆ្នាំនេះផងដែរ។ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនអំពីការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានលើកឡើងថា កាលពីពេលថ្មីៗនេះ កម្ពុជាទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មី។ ជាមួយគ្នានោះដែរ សម្ដេចបានរំលឹកថា ការបោះឆ្នោតលើកទី១ និងលើកទី២ រដ្ឋាភិបាលជប៉ុនបានចូលរួមគាំទ្រថវិកា ៣លានដុល្លារដល់កម្ពុជា ហើយបន្ទាប់មកកម្ពុជាក៏បានរៀបចំការបោះឆ្នោតជាបន្តបន្ទាប់ចំនួន ៥ដងរួចមកហើយផងដែរ ខណៈការផ្ទេរអំណាចទៅថ្នាក់មូលដ្ឋានត្រូវបានធ្វើឡើងស្របគ្នាផងដែរ។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយADB បង្កើតនិងរៀបចំសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីបណ្ដុះបណ្ដាលមន្រ្តីថ្នាក់ក្រោមជាតិ ក្នុងដំណើរលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ លើកកម្ពស់ស្ថិរភាពជាតិ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្ដេច ក៏សង្ឃឹមថា រដ្ឋាភិបាល និងប្រជាជនជប៉ុន និងបន្តគាំទ្រដំណើរការកំណែទម្រង់ដ៏មានសារៈសំខាន់នេះ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ