សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អុឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
July 15, 2022    អ្នកទស្សនា :

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ​ បានអញ្ជេីញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អុឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ត្រូវជាឪពុកបង្កើតរបស់លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី​ នៅគេហដ្ឋានតម្កល់សព ស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា​ ឯកឧត្តម អុឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ អុឹង កន្ថាផាវី ព្រមទាំងក្រុមគ្រួសារ។

ក្នុងលិខិតនោះ សម្ដេចក្រឡាហោម និងលោកជំទាវ មានសេចក្តីក្តុកក្តួល និងសោកស្ដាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំនៃមរណភាពឯកឧត្តម អ៉ឹង គៀត ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឪពុករបស់លោកជំទាវ។ សម្ដេច​ បន្តថា ឯកឧត្តម អុឹង គៀត គឺជាកុលបុត្រខ្មែរដ៏ឆ្នើម ប្រកបដោយស្មារតីស្នេហាជាតិដ៏មោះមុតមួយរូប ដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ចូលរួមបម្រើក្នុងបុព្វហេតុជាតិ និង ប្រជាជន ។

ចំពោះមរណភាពរបស់ ឯកឧត្តម អ៉ឹង គៀត មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវ ឥស្សរជនជាន់ខ្ពស់ ដែលធ្លាប់បានចូលរួមចំណែកស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ អស់រយៈពេល ជាច្រើនទសវត្សរ៍កន្លងមក។

ស្ថិតក្នុងវេលាដ៏សោកសង្រេង និងសង្វេគក្រៀមក្រំនេះ សម្ដេចក្រឡាហោម​ ស​ ខេង​ និងលោកជំទាវ បានបង្ហាញការចូលរួមរំលែកមរណទុក្ខ ជាមួយលោកជំទាវ អុឹង កន្ថាផាវី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៉ឹង គៀត សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​ ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ