សម្ដេចក្រឡាហោម ស ខេង ទទួលជួបពិភាក្សាការងារជាមួយ​ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក
July 13, 2022    អ្នកទស្សនា :

នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ជាកិច្ចចាប់ផ្ដេីម​ សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ និងចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដម និងសហការីមកកាន់កម្ពុជានាពេលនេះថា​ ជាការរួមចំណែកមួយដល់ការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក។ សម្ដេចក្រឡាហោម​ ក៏បានសម្ដែងការអបអរសាទរចំពោះលទ្ធផល និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនារយៈពេលកន្លងមក ជាពិសេសនៅក្នុងឱកាសដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ក៏បានថ្លែងនូវការចូលរួមអបអរសាទរចំពោះ កិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិកដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ ដែលប្រធានអាស៊ានដឹកនាំដោយ​ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសហរដ្ឋអាមេរិក​ ក៏ជាសហប្រធាននៃជំនួបកំពូលនេះ​ ដែលប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា រួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។

សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់សហរដ្ឋអាមេរិក មកលើដំណើរការអភិវឌ្ឍ ក៏ដូចជាដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅក្នុងរយៈពេលកន្លងមក ជាពិសេស គឺបេសកកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការចូលរួមចំណែកជួយគាំទ្រពីសហរដ្ឋអាមេរិកផងដែរ។ សម្ដេច​ បានចាត់ទុកលទ្ធផលនេះថាជាការស្ដែងឱ្យឃើញនូវការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ​ សម្ដេចក្រឡាហោម​ ក៏បានអបអរសាទរចំពោះ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារសន្តិសុខ និងលើវិស័យអនុវត្តច្បាប់ និងមានក្ដីសង្ឃឹមជឿជាក់ថាភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាព ក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងអំណរគុណ និងបង្ហាញការគាំទ្រចំពោះការលើកឡើងតាមរយៈពាក្យពេចន៍របស់សម្ដេចក្រឡាហោម អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ឯកឧត្តម ក៏បានបង្ហាញការចូលរួមអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ ដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក ក៏ជាសហប្រធាននៃជំនួបកំពូលនៅពេលនោះ រួមទាំងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត ក៏បានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ប្រកបដោយផ្លែផ្កា។

ជាការឆ្លេីយតប​ សម្ដេចក្រឡាហោម ស ខេង​ បានសម្តែងនូវការស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ថាកម្ពុជាស្វាគមន៍ជានិច្ចចំពោះការគាំទ្រពីបណ្ដាប្រទេសជាដៃគូ ប្រទេសជាមិត្ត រួមទាំងសហរដ្ឋអាមេរិក។

នាឱកាសនោះ​ដែរ​ សម្ដេចក្រឡាហោម ស​ ខេង​ និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ព្រមទាំងបានធ្វើការវាយតម្លៃទៅលើកិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់ ក្នុងនោះរួមមាន៖ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដោយភាគីទាំងពីរបានចាត់ទុកកិច្ចសហប្រតិបត្តិការនេះ ថាមានសារៈសំខាន់ដែលត្រូវតែបន្តពង្រឹង និងពង្រីក ពិសេសលើអ្វីដែលបានអនុវត្តកន្លងមករវាងភាគីទាំងពីរ។

ទន្ទឹម​នឹងនោះ​ សម្ដេចក្រឡាហោម និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការងារពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក ដោយសម្ដេចបានជម្រាបឯកឧត្តម និងគណៈប្រតិភូថាជាគោលការណ៍ គឺពុំមានអ្វីប្រែប្រួលនោះទេនៅក្នុងដំណើរការការងារនេះ។

ភាគីទាំងពីរនឹងបន្តជជែកពិភាក្សាទៅលើទិដ្ឋភាពបច្ចេកទេសមួយចំនួនដើម្បីបន្តដំណើរការនេះដូចអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមក និងបានឯកភាពបន្តខិតខំជំរុញដំណើរការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដើម្បីគាំទ្រដំណើរការការងារនេះ៕

ដោយ​ ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ