សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣
July 12, 2022    អ្នកទស្សនា :

នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣ ក្រោមប្រធានបទ «ពិភពលោកមួយដែលមានប្រជាជន ៨ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជាជម្រើសសម្រាប់ទាំងអស់គ្នា»។

នាឱកាសនោះ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានធ្វើរបាយការណ៍ជូន​ សម្ដេចក្រឡាហោម​ ស​ ខេង​ និងអង្គពិធីថា​ ទិវាប្រជាជនពិភពលោក​ ១១​ កក្កដា​ បានប្រារព្ធឡើងដោយផ្ដើមចេញពីគំនិតចង់ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រជាជននៅក្នុងពិភពលោក ហើយថាផ្អែកលើមូលដ្ឋាននេះ ក្រុមប្រឹក្សាភិបាលនៃកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១១កក្កដា ឆ្នាំ១៩៨៩ ដើម្បីប្រារព្ធទិវានេះជាលើកដំបូង និងបានណែនាំឱ្យរដ្ឋសមាជិកប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ដោយចាត់ទុកប្រជាជនជាមធ្យោបាយចុងក្រោយនៃការអភិវឌ្ឍ និងគោលដៅចុងក្រោយនៃការអភិវឌ្ឍ។

ឯកឧត្តមទេសរដ្ឋមន្រ្តី​ បន្តថា​ នៅឆ្នាំនេះ ទិវានេះបានប្រារព្ធឡើងក្រោមប្រធានបទ «ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជម្រើសសម្រាប់ទាំងអស់គ្នា»។ ឯកឧត្តម​ បន្តថា​ ប្រធានបទនេះពិតជាឆ្លើយតបស្ថានភាពជាក់ស្ដែងនៃប្រជាជនក្នុងពិភពលោក ដោយសារអត្រាមរណភាពមានការធ្លាក់ចុះជាងមុន ហើយមនុស្សរស់នៅមានអាយុវែងជាងមុន និងសុខភាពល្អប្រសើរ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បានរំលឹកថា​ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះពិភពលោកទាំងមូលបាននិងកំពុងឆ្លងកាត់វិបត្តិ និងការលំបាកធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះពីមុនបណ្ដាលមកពីការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងនោះកម្ពុជាក៏បានរងផលប៉ះពាល់ និងជះឥទ្ធិពលអវិជ្ជមានទៅលើការអភិវឌ្ឍគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យសុខាភិបាលវិស័យអប់រំ វិស័យទេសចរណ៍ និងវិស័យផលិតកម្មអតិពលកម្ម ធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ។

សម្ដេចក្រឡាហោម​ បានបន្ដថា​ ឆ្លើយតបទៅនឹងវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញនូវវិធានការគោលនយោបាយនានា​ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាស្ថិរភាពនៃកម្រិតជីវភាពរបស់ប្រជាជននឹងផ្តល់ការឧបត្ថម្ភគាំទ្រថវិកា ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយវិធានការគោលនយោបាយទាំងនេះ​ រួមមាន​ ការធ្វើអន្តរាគមន៍លើវិស័យសុខាភិបាល សង្គមកិច្ច សេដ្ឋកិច្ចដើម្បីកាត់បន្ថយផលប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងនោះការចាក់វ៉ាក់សាំងក៏ជាវិធានការគន្លឹះដ៏មានប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម​ ស​ ខេង​ បានបន្ថែមទៀតថា បច្ចុប្បន្នពិភពលោកទាំងមូលមិនត្រឹមតែមិនទាន់ស្រាកស្រាន្តពីជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទទួលរងនូវផលប៉ះពាល់បន្ថែមទៀតដោយថាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលកំពុងតែបន្តនៅឡើយ និងបាននាំឱ្យមានកំណើនតម្លៃប្រេងឥន្ធនៈ ការខ្វះខាតស្បៀងអាហារ ភាពរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិផរណាសកលក៏ដូចជាភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ​ សេដ្ឋកិច្ច និងបរិស្ថាន ដែលកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជនលើពិភពលោកទាំងមូលជាពិសេសជីវភាពរស់នៅរបស់ក្រុមជនងាយរងគ្រោះ។

លេីសពីនេះទៀត​ សម្ដេចក្រឡាហោម​ ស​ ខេង​ ក៏បានសម្ដែងក្ដីបារម្ភថា​ បញ្ហាទាំងនោះ នឹងធ្វើឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលជាពិសេសការមិនទុកឲ្យនរណាម្នាក់នៅឯការប្រហែលជានឹងមិនអាចសម្រេចបានឡើយរហូតដល់ឆ្នាំ២០៣០ ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្តអូសបន្លាយ ខណៈកម្ពុជាជាប្រទេសហត្ថលេខីមួយដែលបានចុះលេខាទទួលយកកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍន៍មកអនុវត្ត ដោយបានដាក់បញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់សំខាន់។

សម្ដេច​ក្រឡាហោម​ បានអះអាងជាថ្មីម្តងទៀតថា​ រាជរដ្ឋាភិបាលកម្ពុជា​ សូមប្ដេជ្ញាចិត្តបន្តគាំទ្រ កម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ​ ស្ដីពីប្រជាជន​ និងអភិវឌ្ឍសំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពសកលឆ្នាំ២០៣០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពកម្ពុជាដែលមិនទុកចោលនរណាម្នាក់ដើម្បី សុខុមាលភាពរបស់កូនចៅជំនាន់ក្រោយរបស់យើងឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ដើម្បីចាប់យកឱកាស​ និងធានាសិទ្ធិនិងជម្រើសសម្រាប់ទាំងអស់គ្នា៕

ដោយ​ ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ