សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជូនដំណើរ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស
May 21, 2022    អ្នកទស្សនា :

នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទែ បានអញ្ជើញចូលរួមជូនដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ពីថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២២ ខាងមុខ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស។

គួរបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ដ្រី អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នាពេលនេះ តបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ដោយមានការអញ្ជើញអមដំណើរ សម្តេចតេជោ នាយករដ្ឋមន្រ្តី រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

នាឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមជូនដំណើរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោកពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងឥស្សរជន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

សូមជម្រាបជូនដែរថា កិច្ចប្រជុំប្រចាំឆ្នាំ២០២២ នានិទាឃរដូវ ដែលនឹងផ្តោតកិច្ចពិភាក្សាជុំវិញមូលបទ ប្រវត្តិសាស្រ្តនៅចំណុចរបត់គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្រ្តធុរកិច្ច នឹងត្រូវបានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំជិត ២.៥០០នាក់ មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោក ផងដែរ។

ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក «រាត្រីកម្ពុជា» (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ