សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថៃ និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
May 18, 2022    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ ឡាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជារួមរវាងប្រទេសទាំងពីកម្ពុជា និងកាណាដា និងថាថ្វីដ្បិតតែភាគីទាំងពីរពុំមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនក៏ពិតមែន ក៏ប៉ុន្តែប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាដ៏ល្អ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ កាណាដា ដែលបានរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រួមទាំងការទទួលយកនូវជនភៀសខ្លួននៅកម្ពុជាទៅកាន់ប្រទេសកាណាដានៅក្នុងសម័យដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម។ ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ក៏បានសម្តែងការអរគុណចំពោះការគាំទ្ររបស់កាណាដា មកដល់សហគមន៍អាស៊ាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏សង្ឃឹមនិងជឿជាក់ថាភាគីទាំងពីរនឹងខិតខំស្វែងរកនូវវិធីក៏ដូចជាឱកាសក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ រួមមានវិស័យសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិជាដើម។

ជាការឆ្លើយតបលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា បានជម្រាបជូនសម្ដេចថា លោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា ថៃ និងឡាវប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបពេលនេះលោកជំទាវមានឱកាសជួបជាមួយនឹងសម្ដេចក្រឡាហោម។ ក្នុងនោះ លោកជំទាវ ក៏បានសម្ដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងបានល្អប្រសើរនូវជំងឺឆ្លងនេះ ជាពិសេសគឺយុទ្ធនាការចាក់វ៉ាក់សាំង ព្រមទាំងការផ្ដល់នូវការចាក់វ៉ាក់សាំងនេះទៅដល់ជនបរទេសដែលស្នាក់នៅ និងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លើសពីនេះទៀត លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ចំពោះសំណើក៏ដូចជាជួយសម្រួលដល់ជនបរទេស រួមទាំងពលរដ្ឋកាណាដានៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ពិសេសបានទទួលការលើកលែងការផាកពិន័យចំពោះការស្នាក់នៅហួសទិដ្ឋាការក្នុងរយៈពេលនៃការផ្ទុះឡើងនៃជំងឺឆ្លងនេះ។ ស្របជាមួយគ្នានេះដែរ លោកជំទាវក៏សង្ឃឹមជឿជាក់ដែរថា ខណៈពេលដែលជំងឺកូវី-១៩មានស្ថានភាពធូរស្រាលនេះ ការផ្លាស់ប្តូររវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាពលរដ្ឋខ្មែរដែលមានសញ្ជាតិកាណាដាផងនោះ នឹងមានការធ្វើដំណើរទៅមកប្រទេសទាំងពីរកើនឡើងវិញ។

ឆ្លើយតបចំពោះប្រសាសន៍របស់សម្ដេចក្រឡាហោម ដែលបានលើកឡើងថា ភាគីទាំងពីរនឹងបន្តខិតខំស្វែងរកនូវវិធីក៏ដូចជាឱកាសក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ លោកជំទាវបានបង្ហាញគាំទ្រ និងអះអាងថានឹងខិតខំធ្វើយ៉ាងណាបង្កើនកិច្ចសហការលើការងារដ៏មានសារៈសំខាន់ទាំងពីរនេះសំដៅធ្វើយ៉ាងណាខិតខំរួមចំណែកទប់ស្កាត់នូវបទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសគឺបទល្មើសគ្រឿងញៀន ដែលជាបទល្មើសមួយមានចរិតដ៏ស្មុគស្មាញ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ