សម្តេចក្រឡាហោម ស ខេង ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានទំនួលខុសត្រូវក្នុងការធ្វើគណនីភាពជូនដល់ពលរដ្ឋ
May 17, 2022    អ្នកទស្សនា :

នៅពេលដែលរដ្ឋាភិបាលផ្តល់ថវិកាដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រើប្រាស់ថវិកាដោយគ្មានតម្លាភាព មិនត្រឹមត្រូវ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋមុនគេ ទាក់ទងនឹងបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋានរបស់គាត់។ ការក្រើនរំលឹកនេះធ្វើឡើងក្នុងឱកាសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។

សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា ករណីរដ្ឋបានផ្តល់ថវិកាមកដើម្បីអភិវឌ្ឍន៍តែគាត់យកទៅប្រើប្រាស់ផ្តេសផ្តាស មិនបានកសាងសមទ្ធិផលនៅក្នុងមូលដ្ឋាន ប្រើប្រាស់ដោយគ្មានតម្លាភាព មិនត្រឹមត្រូវដូច្នេះគាត់ត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋមូលដ្ឋាន ហេតុដូចនេះហើយសម្តេចក្រឡាហោម បានមានប្រសាសន៍លើកទឹកចិត្តឱ្យពលរដ្ឋចូលស្តាប់កិច្ចប្រជុំនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឱ្យបានដឹងអំពីកិច្ចការងារផ្សេងៗកាន់តែច្បាស់។

ជាមួយគ្នានេះដែរក្រៅពីទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយនោះ គាត់ក៏ត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលផងដែរ ព្រោះរាជរដ្ឋាភិបាលបានប្រគល់កម្លាំងនគរបាល ដែលជាក្របខណ្ឌមន្ត្រីរាជការមកឱ្យស្រុក និងឃុំចាត់ចែងនិងប្រើប្រាស់រក្សាសន្តិសុខកុំឱ្យមានករណីចោរលួច ចោរប្លន់ក្នុងដែនសមត្ថកិច្ចរបស់គាត់។ ទន្ទឹមនឹងនេះគាត់ក៏ត្រូវទទួលខុសត្រូវចំពោះក្រសួងមហាផ្ទៃ ពាក់ព័ន្ធសន្តិសុខក្នុងមូលដ្ឋានលើសុខសុវត្ថិភាព ករណីចែកចាយ ប្រើប្រាស់គ្រឿងញៀន អំពើហិង្សា ការជួញដូរមនុស្ស ការរត់ពន្ធឆ្លងកាត់ព្រំដែនជាដើម។

សម្តេចក្រឡាហោម បានមានប្រសាសន៍ណែនាំបន្ថែមទៀតថា មូលហេតុទាំងនេះហើយដែលទាមទារឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ពីសំណាក់ប្រជាពលរដ្ឋ ពីសំណាក់អ្នកពាក់ព័ន្ធដើម្បីបុព្វហេតុជាតិទាំងអស់គ្នា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ