អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គនាយកដ្ឋានពន្ធនាគារ
May 13, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល និងបានពាំនាំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការបង្កើនល្បឿនកំណែទម្រង់នានាលើគ្រប់វិស័យ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារសវនកម្មផ្ទៃក្នុង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។    

ជាកិច្ចបន្ទាប់ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងជនជាប់ឃុំ ។ល។ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។       

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋានចំណុះ ចំនួន ៥ រួមមាន៖ នាយកដ្ឋានរដ្ឋបាល-សរុប នាយកដ្ឋានប្រតិបត្តិ នាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា នាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ និងនាយកដ្ឋានសន្តិសុខពន្ធនាគារ ត្រូវយកចិត្តទុកដាក់ផ្តល់កិច្ចសហការល្អជាមួយក្រុមប្រតិភូសវនកម្ម, ខិតខំអនុវត្តប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ, អនុវត្តការងារគ្រប់គ្រងបុគ្គលិកឱ្យបានច្បាស់លាស់ ការជំរុញប្រព័ន្ធលើកទឹកចិត្ត ការដាក់វិន័យ និងផ្តល់យុត្តិធម៌ដល់មន្ត្រីក្រោមឱវាទ, អនុវត្តកិច្ចការហិរញ្ញវត្ថុ រួមមាន កិច្ចបញ្ជិកាចំណូល-ចំណាយ និងឯកសារនានាឱ្យបានត្រឹមត្រូវតាមនីតិវិធីជាធរមាន, យកចិត្តទុកដាក់ពង្រឹងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ជាពិសេសច្បាប់ស្ដីពីពន្ធនាគារ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន និងជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងជនជាប់ឃុំ, ការគ្រប់គ្រងមណ្ឌលអប់រំកែប្រែ ការធានាការគោរពសិទ្ធិ និងលក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំ, ការអប់រំ កែប្រែ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការស្ដានីតិសម្បទា, ការបន្ធូរបន្ថយទោស ការលើកលែងទោស និងការដោះលែង ជាដើម។  

បន្ថែមលើនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមប្រតិភូទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈសវនកម្មជាប់ជាប្រចាំ, អនុវត្តកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ, ត្រូវត្រួតពិនិត្យរាល់ឯកសារ កិច្ចប្រតិបត្តិការទាំងឡាយរបស់សវនដ្ឋានឱ្យបានច្បាស់លាស់ និងដាក់ចេញនូវអនុសាសន៍កែលម្អឱ្យចំចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាន និងត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ ឱ្យសវនដ្ឋានអនុវត្តតាមអនុសាសន៍ និងត្រូវមានរបាយការណ៍។ ជាងនេះទៅទៀត បន្ទាប់ពីបានបញ្ចប់ការងារសវនកម្មផ្ទៃក្នុងនៅគ្រប់សវនដ្ឋានគោលដៅទាំងអស់រួចរាល់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវរៀបចំរបាយការណ៍ពិសេសមួយឬមួយចំនួន អំពីករណីដែលខ្លួនរកឃើញថា មានហានិភ័យខ្ពស់ ដែលចាំបាច់ត្រូវមានដំណោះស្រាយជាបន្ទាន់ ដើម្បីគោរពរាយការណ៍ផ្ទាល់ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោរពស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់។  

ជាចុងក្រោយ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល និងសូមប្រសិទ្ធពរជ័យសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងចៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងបានប្រកាសបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅអគ្គនាយកដ្ឋានពន្ធនាគារ ចាប់ពីពេលនេះតទៅ៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ