សម្ដេចក្រឡាហោម ស ខេង ៖ គ្មានអ្វីធំជាងផលប្រយោជន៍ជាតិនោះទេ ហើយមន្ដ្រីរាជការទាំងអស់ ត្រូវមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋជាធំ
May 13, 2022    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី មានប្រសាសន៍ថា គ្មានអ្វីធំជាងផលប្រយោជន៍ជាតិនោះទេ ហើយធ្វើអ្វីក៏ដោយត្រូវគិតរឿងបញ្ហានឹងមុនគេ ជាពិសេសមន្ដ្រីរាជការទាំងអស់ ត្រូវមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហារ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ស្ថិតនៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «គ្មានអ្វីធំជាងផលប្រយោជន៍ជាតិទេ ធ្វើអ្វីក៏ដោយត្រូវគិតរឿងនឹងមុនគេ។ មិនមែនគិតថា ខ្លួនឡើងធ្វើរដ្ឋមន្ដ្រី ឬអគ្គនាយកហើយ សម្រេចចិត្តអ្វីតែខ្លួនឯង តែមិនឃើញផលប្រយោជន៍ប្រជាជនជាមុន អាហ្នឹងអន្ដរាយ អ្នកហ្នឹងគ្មានអនាគតទេ»។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ដថា មន្ដ្រីរាជការទាំងអស់ត្រូវមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋជាមុន ត្រូវដោះស្រាយដោយគោលការណ៍ស្មោះត្រង់ ធ្វើយ៉ាងណាគឺដើម្បីផលប្រយោជន៍ជាតិ។ សម្ដេច បន្ថែមថា ប៉ុន្ដែក្នុងនាមជាមន្ដ្រីរាជការ និងសមាជិករាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើយ៉ាងឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខទទួលបានជោគជ័យ គ្មានអំពើហិង្សា ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ជាដើម ទាំងនេះហើយជាការជោគជ័យសម្រាប់ការបោះឆ្នោត។

សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ទៀតថា ការបោះឆ្នោតទទួលបានជោគជ័យហើយនោះ គឺផ្ដល់កិត្តិយសមុខមាត់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ក៏បានណែនាំដល់គ្រប់គណបក្សនយោបាយទាំងអស់ ត្រូវគោរពច្បាប់នៃការបោះឆ្នោត ដើម្បីធ្វើយ៉ាងឱ្យដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ក៏មានក្ដីសង្ឃឹមជឿជាក់ថា រដ្ឋបាលរាជធានី-ខេត្ត នឹងខិតខំប្រឹងប្រែង ដើម្បីជួយជ្រោមជ្រែងឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខ ទទួលបានជោគជ័យ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ