សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ
May 12, 2022    អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតនៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅក្នុងខេត្តកំពត ពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហការនៅកម្ពុជា។

ជាមួយគ្នានោះដែរ លោក វុធ ថៃយ៉ាង គ្រៀងក្រៃវីដ នាយករងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ក៏បានធ្វើសេចក្តីរាយការណ៍ឱ្យដឹងដែរថា ក្រុមហ៊ុននេះ បានទុកប្រទេសកម្ពុជាជាគោលដៅអាទិភាពនៃការវិនិយោគ និងថាក្នុងរយៈពេល២៦ឆ្នាំនៃការវិនិយោគនៅកម្ពុជានោះ ក្រុមហ៊ុនមានអាជីវកម្មបីប្រភេទ រួមមាន៖ អាជីវកម្មអាហារសត្វ ការចិញ្ចឹមសត្វ និងអាជីវកម្មអាហារកែច្នៃ និងបានទិញវត្ថុធាតុដើមមាននៅកម្ពុជាស្រាប់ ដូចជាពោត ដំឡូងមី ចុងអង្ករជាដើម។

ទន្ទឹមនេះ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ១៩៩៦មក ស៊ី.ភី ខេមបូឌា ចំកាត់ បានបោះទុនវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា រហូតក្លាយជាក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ និងកែច្នៃអាហារដ៏មានសក្ដានុពលមួយនៅកម្ពុជា ហើយនៅក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាកន្លងមកនោះ ក្រុមហ៊ុនក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីឌ១៩ និងការជួយប្រជាជនផងដែរ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងនាមសម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល សម្ដេចពិតជាមានសេចក្ដីរីករាយដែលបានអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រ ស៊ី.ភី ខេមបូឌា ចំកាត់ នាឱកាសនេះ ហើយជាមួយនឹគ្នានេះដែរក្នុងនាមសម្ដេចផ្ទាល់ក៏មានសេចក្ដីត្រេកអរដែលបានចូលរួមផ្ដល់កម្លាំងចិត្តទាំងសម្រាប់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍បន្ថែមថា វិស័យកសិកម្មនៅកម្ពុជា បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពិសេសចូលរួមចំណែក២០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ សម្ដេចក៏បានបន្តថាវិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់នៅក្នុងបរិបទនៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមានមួយចំនួនរបស់សកលលោក។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា វិស័យកសិកម្មក៏ជាចលករជំរុញបដិវត្តន៍ឧស្សាហកម្មផងដែរ ជាពិសេសកសិឧស្សាហកម្មសម្រាប់ ទាំងពេលបច្ចុប្បន្ន និងអនាគត ដែលនាំមកនូវពហុប្រយោជន៍ និងគុណតម្លៃជាច្រើន ដូចជាការបន្ថែមតម្លៃ ការបង្កើនគុណភាព និងរយៈពេលនៃការរក្សាទុកផលិតផល ការពង្រីកទីផ្សារកសិផល ការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ការបង្កើតការងារក្នុងស្រុក កាត់បន្ថយចំណាកស្រុក និងបង្កើនឱកាសសម្រាប់ការនាំចេញផលិតផល។

សម្ដេចបានគូសបញ្ជាក់ថាការវិនិយោគរបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែលបង្កើតរោងចក្រកែច្នៃអាហារតាមស្តង់ដាអន្តរជាតិសម្ពោធនាពេលនេះ គឺជាដំណោះស្រាយយុទ្ធសាស្រ្ត និងទាន់ពេលវេលាឆ្លើយតបទៅនឹងតម្រូវការផលិតកម្មសត្វ បង្កើតឱកាសការងារ កាត់បន្ថយការធ្វើចំណាកស្រុក បន្ថែមលើការពង្រីកសក្ដានុពលវិស័យកសិឧស្សាហកម្មនោកម្ពុជា។ សម្ដេចបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរការរបស់ក្រុមហ៊ុនមួយនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តក្រុមហ៊ុនបន្តខិតខំកសាងរោងចក្រផលិតចំណីអាហារបែបនេះបន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានសក្ដានុពលនៅកម្ពុជា ហើយទន្ទឹមគ្នានេះ សម្ដេចក៏បានស្នើឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបច្ចេកទេសដល់មន្រ្តីកសិកម្ម និស្សិត សហគមន៍ និងប្រជាកសិករអំពីបច្ចេកទេសថ្មីៗផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ