អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីយ៉េនឌ័រ របស់អគ្គាធិការដ្ឋាន
April 28, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី យ៉េនឌ័រ របស់អគ្គាធិការដ្ឋាន ដោយមានការចូលរួមពី លោកជំទាវ អគ្គាធិការរង ឯកឧត្តម អគ្គាធិការរងទទួលផែននាយកដ្ឋានរដ្ឋបាល-សរុប ប្រធាននាយកដ្ឋានរដ្ឋបាល-សរុប អនុប្រធាននាយកដ្ឋាន ប្រធាន-នាយការិយាល័យ អនុប្រធាន-នាយរងការិយាល័យ នាយ-រងផ្នែក និងមន្ត្រីទាំងអស់ជានារី ចំណុះអគ្គាធិការដ្ឋាន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អគ្គាធិការ បានសម្តែងក្តីសោមនស្សរីករាយក្នុងឱកាសដែលអាចឱ្យយើងបានជួបជុំគ្នានៅពេលនេះ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ផ្នែកចំណុះអង្គភាពអគ្គាធិការដ្ឋាន ជានារី ដែលបានខិតខំបំពេញការងារដោយការទទួលខុសត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនជាពិសេសក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩នេះ មិនតែប៉ុណ្ណោះក្រៅពីការងារអង្គភាពហើយ នៅបំពេញតួនាទីជាភរិយា ជាម្តាយ ជាបង ជាប្អូន...។ល។ យកឱកាសនេះដែរ ឯកឧត្តម អគ្គាធិការ បានសំដែងការអរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន មន្ត្រីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកចំណុះអគ្គាធិការដ្ឋាន ដែលបានជម្រុញសកម្មភាពការងារក្នុងអគ្គាធិការដ្ឋានបានល្អប្រសើរក្នុងពេលកន្លងមក ដោយដៃម្ខាងខិតខំបំពេញការងារក្នុងស្មារតីទទួលខុសត្រូវចំពោះអង្គភាព ដៃម្ខាងទៀត ចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាល។

ក្នុងពេលជួបសំណេះសំណាលនេះដែរ ឯកឧត្តម អគ្គាធិការ បានមានប្រសាសន៍លើកទឹកចិត្តដោយជម្រុញ និងឱ្យបន្តខិតខំបំពេញការងារថែមទៀត ហើយការលើកទឹកចិត្តនោះគឺការផ្តល់ឱកាសជាអាទិភាព ក្នុងការតែងតាំងមុខតំណែងក្នុងរចនាសម្ព័ន្ធដែលមានស្រាប់ តាមរយៈការពិនិត្យវាយតម្លៃលើការអនុវត្តសកម្មភាពការងារជាក់ស្តែង តែមិនមែនការលើកទឹកចិត្តផ្តល់ឱ្យចំពោះមន្ត្រីអសកម្មនោះទេ ទោះជាមន្ត្រីនោះជានារីក៏ដោយ ។ ឯកឧត្តម អគ្គាធិការ បានមានប្រសាសន៍បន្តថា ការងារយ៉េនឌ័រ ការលើកទឹកចិត្តចំពោះមន្ត្រីជានារី ថ្នាក់ដឹកនាំក្រសួង ជាពិសេសសម្តេចក្រឡាហោម លោកតែងតែយកចិត្តទុកដាក់ និងមានមតិដឹកនាំជាបន្តបន្ទាប់។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តម អគ្គាធិការ បានណែនាំក្រុមការងារយ៉េនឌ័ររបស់អគ្គាធិការដ្ឋានពិនិត្យរៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងជម្រុញបញ្ជ្រាបការងារយ៉េនឌ័រ។

ជាចុងក្រោយ ឯកឧត្តម អគ្គាធិការ បានសំដែងក្តីគោរពដ៏ខ្ពង់ខ្ពស់ និងសំដែងសេចក្តីអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចក្រឡាហោម ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ និងជាពិសេសមន្ត្រីជានារី ដោយបានឧបត្ថម្ភថវិកាក្នុងមួយម្នាក់ចំនួន១០០,០០០រៀលតាមរយៈអគ្គាធិការដ្ឋានផ្តល់ជូនក្នុងឱកាសជួបសំណេះសំណាលនេះ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ