សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីស្ថានភាពទូទៅរបស់ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ
April 28, 2022    អ្នកទស្សនា :

នាទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីស្ថានភាពទូទៅរបស់ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អង្គភាពកីឡាក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអង្គភាពពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ និងដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានា របស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅ របស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គោរពជូនសម្តេចក្រឡាហោម និងអង្គប្រជុំជ្រាបថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ (ក.ក.ម.ផ) ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ លេខ៥១ អនក្រ.បក ចុះថ្ងៃទី១០ ខែមេសា ២០២០។ លើពីនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា បច្ចុប្បន្នអង្គភាពកីឡានគរបាលជាតិកម្ពុជា បានគ្រោងសាងសង់អគារថ្មីចំនួន ០២អគារ ដែលរួមមាន អគារមជ្ឈមណ្ឌលកីឡាចម្រុះ មានទំហំ ៥៣ម x ៥៨ម និងអគារសាលដំបូលទីលានវាយកូនបាល ២ខ្នង ទំហំ ២០ម x ៤០ម។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏បានគោរពរាយការណ៍ជូនអង្គប្រជុំបន្ថែមថា បច្ចុប្បន្នមន្ត្រីជាកីឡាករ កីឡាការិនីបម្រើការងារនៅអង្គភាពកីឡាក្រសួងមហាផ្ទៃ មានចំនួន ៣០០នាក់ ហើយកីឡាក្រសួងមហាផ្ទៃ មានចំនួន ៣៤ប្រភេទវិញ្ញាសារ ក្នុងចំណោម ៤៣ប្រភេទវិញ្ញាសារនៃកីឡា គ្រប់ប្រភេទទូទៅ។

ក្រោយពីអង្គប្រជុំបានពិភាក្សារួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់រដ្ឋលេខាធិការទទួលបន្ទុក និងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យយកចិត្តទុក្ខដាក់ខិតខំប្រឹងប្រែងពង្រឹងវិស័យកីឡាគ្រប់ប្រភេទដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យបានរឹងមាំ និងត្រូវរៀបចំរចនាសម្ព័ន្ធរបស់អង្គភាព ព្រមទាំងខិតខំកៀរគររៀបចំហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន អគារធ្វើការងារ និងទីលានហ្វឹកហាត់កីឡាគ្រប់ប្រភេទឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនិងតម្រូវការបច្ចុប្បន្ន និងអនាគត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ