ឯកឧត្តម ឡាំ ជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍
April 27, 2022    អ្នកទស្សនា :

ភ្នំពេញ៖ នាថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយកសវនកម្មផ្ទៃ អគ្គនាយកអត្តសញ្ញាណកម្ម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម អគ្គនាយករង លោកជំទាវ លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល និងបានពាំនាំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការបង្កើនល្បឿនកំណែទម្រង់នានាលើគ្រប់វិស័យ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារសវនកម្មផ្ទៃក្នុង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។    
 
ជាកិច្ចបន្ទាប់ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងជនជាប់ឃុំ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។       
 
ឯកឧត្តម រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនាយកដ្ឋានចំណុះ ចំនួន ៨ រួមមាន៖ នាយកដ្ឋានរដ្ឋបាល-សរុប នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន នាយកដ្ឋានច្រកទ្វារទី១ នាយកដ្ឋានច្រកទ្វារទី២ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងនាយកដ្ឋានជនភៀសខ្លួន ព្រមទាំងសវនដ្ឋានទាំងអស់ក្រោមចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវយកចិត្តទុកដាក់ផ្តល់កិច្ចសហការល្អជាមួយក្រុមប្រតិភូសវនកម្ម, ខិតខំអនុវត្តប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ, អនុវត្តការងារគ្រប់គ្រងបុគ្គលិកឱ្យបានច្បាស់លាស់ ការជំរុញប្រព័ន្ធលើកទឹកចិត្ត ការដាក់វិន័យ និងផ្តល់យុត្តិធម៌ដល់មន្ត្រីក្រោមឱវាទ, អនុវត្តកិច្ចការហិរញ្ញវត្ថុ រួមមាន កិច្ចបញ្ជិកាចំណូល-ចំណាយ និងឯកសារនានាឱ្យបានត្រឹមត្រូវតាមនីតិវិធីជាធរមាន, យកចិត្តទុកដាក់ពង្រឹងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។  
 
បន្ថែមលើនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមប្រតិភូទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈសវនកម្មជាប់ជាប្រចាំ, អនុវត្តកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ, ត្រូវត្រួតពិនិត្យរាល់ឯកសារ កិច្ចប្រតិបត្តិការទាំងឡាយរបស់សវនដ្ឋានឱ្យបានច្បាស់លាស់ និងដាក់ចេញនូវអនុសាសន៍កែលម្អឱ្យចំចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាន និងត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ ឱ្យសវនដ្ឋានអនុវត្តតាមអនុសាសន៍ និងត្រូវមានរបាយការណ៍។
ជាងនេះទៅទៀតបន្ទាប់ពីបានបញ្ចប់ការងារសវនកម្មផ្ទៃក្នុងនៅគ្រប់សវនដ្ឋានគោលដៅទាំងអស់រួចរាល់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវរៀបចំរបាយការណ៍ពិសេសមួយឬមួយចំនួន អំពីករណីដែលខ្លួនរកឃើញថា មានហានិភ័យខ្ពស់ ដែលចាំបាច់ត្រូវមានដំណោះស្រាយជាបន្ទាន់ ដើម្បីគោរពរាយការណ៍ផ្ទាល់ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោរពស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់។  
   
ជាចុងក្រោយ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល និងសូមប្រសិទ្ធពរជ័យសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងចៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងបានប្រកាសបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីពេលនេះតទៅ៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ