សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យលោកជំទាវនាយិកាប្រចាំថ្នាក់តំបន់ របស់អន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
April 26, 2022    អ្នកទស្សនា :

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ វេជ្ជបណ្ឌិត Nenette Motus នាយិកាប្រចាំថ្នាក់តំបន់ របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើមសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាគមន៍ ដោយក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងក្នុងនាមគណៈកម្មការអន្តរក្រសួង សូមថ្លែងអំណរគុណ និងសូមវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានសម្តែងនូវក្តីសង្ឃឹមថា លោកជំទាវនាយិកា នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការនានា នឹងគាំទ្រដល់ការងារអន្តោប្រវេសន៍ដ៏មានសារៈសំខាន់នេះបន្ថែមទៀត។

លើសពីនេះទៀត សម្តេចក្រឡាហោម បានមានប្រសាសន៍ជម្រាបជូនបន្ថែមថា ក្នុងរយៈពេលនៃការឆ្លងរីករាយដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើកិច្ចការងារជាច្រើនពាក់ព័ន្ធនិងការងារទេសន្តរប្រវេសន៍ ជាពិសេស ពលរដ្ឋកម្ពុជាដែលធ្វើចំណាកស្រុកឆ្លងដែនតាមព្រំដែនកម្ពុជា-ថៃ ហើយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក៏បានចូលរួមចំណែកយ៉ាងសកម្ម ទៅលើការងារដោះស្រាយចំពោះមុខ ដោយបានសាងសង់មណ្ឌលសំចតសម្រាប់ពលករដែលឆ្លងដែនមកកម្ពុជាវិញ។ ដោយមើលឃើញពីការចូលរួមយ៉ាងសកម្មបែបនេះ សម្តេចក្រឡាហោម ក៏បានសម្តែងនូវមោទកភាពយ៉ាងខ្លាំងចំពោះការចូលរួមគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន មានទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស។
ជាការឆ្លើយតប លោកជំទាវ វេជ្ជបណ្ឌិត Nenette Motus បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់លើកិច្ចការងារដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះដែរ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានារបស់ក្រសួងមហាផ្ទៃកម្ពុជា លើការងារជួយគាំទ្រដល់ការងារទេសន្តរប្រវេសន៍ចាប់តាំងពីឆ្នាំ១៩៩៣មក។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ ក៏សូមអបអរសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងនូវជំងឺកូវីដ១៩បានជោគជ័យ ដែលអាចចាត់ទុកថាប្រទេសដែលគ្រប់គ្រងបានល្អជាងគេនៅក្នុងតំបន់។ ទន្ទឹមនឹងនេះផងដែរ លោកជំទាវ ក៏សូមអបអរសាទរដល់ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងការងារទេសន្តរប្រវេសន៍ និងការទទួលធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២នេះផងដែរ។

លោកជំទាវនាយិកា បានគោរពជម្រាបជូនសម្តេចក្រឡាហោម បន្ថែមទៀតថា អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) មិនត្រឹមតែធ្វើការងារទៅលើទេសន្តរប្រវេសន៍ប៉ុណ្ណោះទេ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក៏បានយកចិត្តទុកដាក់ទៅលើការងារប្រឈមពាក់ព័ន្ធនិងការបម្រែបម្រួលអាកាសធាតុ ដោយសារតែបញ្ហានេះក៏ជាកត្តាដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការបំលាស់ទីរបស់ប្រជាពលរដ្ឋ ដែលនាំឱ្យមានការធ្វើទេសន្តរប្រវេសន៍នេះផងដែរ។

ទន្ទឹមនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការគាំទ្រចំពោះការវាយតម្លៃ និងការគិតគូររបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដែលបានគិតគូរចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ។ ជាថ្មីម្តងទៀត សម្តេចក្រឡាហោម បានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា លោកជំទាវ និងអង្គការIOM នូវតែបន្តគាំទ្រដល់កម្ពុជាលើការងារ ទេសន្តរប្រវេសន៍ ក៏ដូចជាការងារបម្រែបម្រួលអាកាសធាតុនេះផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មាវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ