សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផល នៃការស្តារកែលម្អដងស្ទឹងសៀមរាប
April 04, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ និងសមិទ្ធផល នៃការស្តារកែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី សម្ដេច ឧបនាយករដ្ឋមន្ត្រី ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ឯកឧត្តម-លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា-រដ្ឋសភា និងរាជរដ្ឋាភិបាល មន្ត្រីរាជការជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

ជាកិច្ចចាប់ផ្ដើម នៃកម្មវិធី សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប បានធ្វើរបាយការណ៍សង្ខបជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអង្គពិធីទាំងមូល ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ដែលបាននិងកំពុងបង្ហាញរូបរាងដ៏ស្រស់ត្រកាលនៅលើទឹកដីអង្គរនាពេលនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ បន្ថែមទៀតដែលបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រជាពលរដ្ឋអ្នកខេត្តសៀមរាបទាំងអស់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
 
សម្ដេច បានបន្ដថា សមិទ្ធផលដ៏ថ្មីអស្ចារ្យនៅក្នុងខេត្តសៀមរាប ក៏ដូចជាសមិទ្ធផលជាច្រើននៅពាសពេញផ្ទៃប្រទេស ដែលបាននិងកំពុងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់នេះ គឺកើតឡើងដោយសារសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ សម្ដេច បានបន្ថែមថា តម្លៃនៃសុខសន្តិភាពបាននាំមកនូវក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យក្នុងរយៈពេលជាងពីរទសវត្សរ៍ កន្លងមកនេះ ហើយយើងទាំងអស់គ្នាត្រូវតែចងចាំជានិច្ច និងត្រូវចូលរួមថែរក្សា ការពារសន្តិភាពក្នុងតម្លៃណាក៏ដោយ។

ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេច ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាបនាពេលនេះ។ សម្តេចតេជោ បានថ្លែងការកោតសរសើរដល់គណៈកម្មការអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលដ៏ល្អប្រណិតនាពេលនេះ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា ផ្លូវទាំង ៣៨ខ្សែគឺជាការយកកម្ពុជា ចិញ្ចឹមកម្ពុជា ពីព្រោះការសាងសង់ផ្លូវទាំងនេះ ជាការសាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង មិនមានបរទេសណាចូលរួមនោះទេ។ សម្តេចតេជោ ពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលទាំងអស់ដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាបនេះ ត្រូវប្រសិទ្ធនាមថា ជាតារារះនាទិសឧត្តរ។

សូមជម្រាបជូនដែរ ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាសន្សំរបស់ជាតិសរុបចំនួន ១៤៩,២១៦ លានដុល្លារអាមេរិក ក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ ចំនួន ១៣ខែ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

លើសពីនេះទៀត ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ ត្រូវបានសាងសង់ឡើងស្របតាមលក្ខណៈបច្ចេកទេស គំនូសប្លង់នគរូបនីយកម្ម និងស្ថាបត្យកម្ម ធានាបានគុណភាពរឹងមាំយូរអង្វែង ក្នុងគោលដៅផ្សារភ្ជាប់មេត្រីភាពជាមួយនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ ព្រមទាំងបានគិតគូរដល់បរិស្ថាន ផាសុកភាពប្រជាពលរដ្ឋ ជាពិសេសប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងឆ្លាតវៃ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ