សម្តេចក្រឡាហោម ស ខេង​ អញ្ជើញចូលរួមចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប
April 03, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ២០២២​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដោយមានការចូលរួមពី​ សម្ដេច​ ឯកឧត្តម​ លោកជំទាវ​ ក្រុមប្រឹក្សាខេត្ត​ អភិបាលខេត្ត​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។

នាឱកាសនោះ​ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកពិនិត្យពីវឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់នាពេលនេះ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា មកដល់ពេលនេះ ដល់ពេលដែលកម្ពុជាប្រកាសពីតារារះនាទិសឧត្តរហើយ ពីព្រោះបច្ចុប្បន្នយើងមានតារារះនាទិសនិរតីរួចហើយ ដូច្នេះនៅថ្ងៃនេះ សម្តេចតេជោ​ បានប្រកាសថា​ "តំបន់ភូមិភាគនេះជាតារារះនាទិសឧត្តរ"។

សម្តេចតេជោ បានថ្លែងនូវការកោតសរសើរចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។​ សម្ដេចតេជោ​ បានបន្ដថា​ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាដោយ​ សម្តេចតេជោ និងប្រធានាធិបតីចិន ស៊ី ជីនពីង។

សម្តេចតេជោ​ មានប្រសាសន៍ទៀតថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះនឹងអាចទទួលបានការហោះហើយយន្តហោះគ្រប់កម្រិត។

សូមជម្រាបជូនដែរថា​ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប៕

ដោយ​ ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ