សម្ដេចក្រឡាហោម ស ខេង ៖ ចាំបាច់ត្រូវបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលអាចផលិតគ្រឿងញៀនបាន
March 31, 2022    អ្នកទស្សនា :

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ឯកភាព ក្នុងការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលអាចផលិតគ្រឿងញៀនបាន ក្នុងគោលបំណង ដើម្បីទប់ស្កាត់គ្រឿងញៀន នៅប្រទេសកម្ពុជា។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៧ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ឱ្យដឹងថា សារធាតុគីមី អាចផ្សំធ្វើជាគ្រឿងញៀនបាន ហើយរហូតមកដល់ពេលនេះ មានក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានអនុញ្ញាឱ្យនាំចូលសារធាតុគីមីស្របច្បាប់មកប្រទេសកម្ពុជា ដើម្បីផលិត ឬកែច្នៃ សម្រាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។

សម្ដេចក្រឡាហោម បានបន្ដថា ប៉ុន្ដែពួកក្រុមឧក្រិដ្ឋជនបានលួចបន្លំយកសារធាតុគីមីនេះ ទៅប្រើប្រាស់ផ្សំចេញជាគ្រឿងញៀន រួចហើយ ប្រើប្រាស់នៅប្រទេសកម្ពុជា និងប្រើប្រាស់ទៅប្រទេសទី៣ ឬទី៤ ជាដើម។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ខ្ញុំ បានពិភាក្សាជាមួយក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាល យើងបានឯកភាពគ្នា ថា យើងចាំបាច់ត្រូវតែបង្កើតក្របខណ្ឌច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលយកទៅកែច្នៃផលិតគ្រឿងផ្សំ ដើម្បីផលិតគ្រឿងញៀនបាន»។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យការងារទាំងនេះទទួលបានជោគជ័យ មិនមែនមានន័យថា រាំងស្ទះដល់ការនាំចូលសារធាតុគីមីទាំងនោះចូលមកកម្ពុជាឡើយ។ ប៉ុន្ដែទន្ទឹមនឹងនោះ ត្រូវអនុវត្តផែនការ ក្នុងការលួចកែច្នៃគ្រឿងញៀន។

សម្ដេចក្រឡាហោម ក៏មានក្ដីសង្ឃឹមថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងខិតខំធ្វើការងារទាំងនេះ ក្នុងគោលដៅទប់ស្កាត់ គ្រឿងញៀនខុសច្បាប់នៅប្រទេសកម្ពុជា។ សម្ដេច បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យបានល្អប្រសើរ ផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ