សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៧
March 31, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៧ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបសរុបប្រមាណជា ២៤០រូប ដែលកម្មវិធីនេះប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ ជូន សម្ដេចក្រឡាហោម ស ខេង និងពិធីទាំងមូលជ្រាប ថា ស្ថិតក្នុងស្ថានភាពដែលពិភពលោកទាំងមូលទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នោះ សកម្មភាពមួយចំនួនធំ ដូចជា វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សេវាកម្ម វប្បធម៌ ទេសចរណ៍ ជាដើម ត្រូវបានផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។

ឯកឧត្តម បានបន្ដថា ប៉ុន្តែផ្ទុយទៅវិញក្នុងរយៈពេលដូចគ្នានេះ និន្នាការផលិត ចរាចរ និងជួញដូរគ្រឿងញៀនខុសច្បាប់នៅលើសកលលោកនៅតែបន្តកើនឡើងឥតឈប់ឈរ ជាពិសេសការផលិតគ្រឿងញៀនសំយោគ (ATS) ដូចជា ៖ មេតំហ្វេតាមីន អ៊ិចស្តាស៊ី កេតាមីន ដែលសុទ្ធសឹងជាប្រភេទសារធាតុងាយស្រួលក្នុងការកែច្នៃផលិត (មិនរើសភូមិសាស្ត្រ ឬទីតាំងផលិត ងាយរកសារធាតុគីមីផ្សំ និងឧបករណ៍ផលិត) បានរីករាលដាលនៅគ្រប់តំបន់ ដែលក្នុងនោះ ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅរងគ្រោះផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឱ្យដឹងទៀតថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀន បានឆ្លៀតឱកាសលបលួចប្រព្រឹត្តបទល្មើសគ្រឿងញៀន ជាពិសេសការដឹកជញ្ជូនឆ្លងកាត់ទៅប្រទេសដទៃ និងមួយផ្នែកទៀតបម្រើឱ្យទីផ្សារក្នុងប្រទេសកម្ពុជា ផងដែរ។ ឯកឧត្តម បានបន្ដថា ទោះបីយ៉ាងណាក៏ដោយ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ ដោយមានការទទួលខុសត្រូវខ្ពស់របស់សមត្ថកិច្ចកម្ពុជា ក៏ទទួលបានលទ្ធជាវិជ្ជមាន ផងដែរ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានធ្វើសេចក្តីរាយការណ៍អំពីផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី០៧ ថា គោលបំណង ដើម្បីការពារកិត្តិយសប្រទេសជាតិ បញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កាន់តែមានភាពល្អ ប្រសើរឡើងថែមទៀត ជាពិសេសការរួមចំណែកថែរក្សាសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន និងបង្កើនភាពកក់ក្តៅនៅក្នុងសង្គមក្រុមគ្រួសាររបស់ប្រជាពលរដ្ឋផងនោះ រាជរដ្ឋាភិបាល សម្រេចបន្តដាក់ចេញនូវ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ រយៈពេល ០១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក០៧ បានផ្ដោតលើការងារសំខាន់ៗ ជាច្រើនដូចជា ៖ បន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ ក៏ដូចជាគ្រោះថ្នាក់ និងផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងញៀន រួមទាំងការអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមសកម្មភាពក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ការពារសុខុមាលភាព និងសុវត្ថិភាពសង្គម ឱ្យបានជ្រួតជ្រាបគ្រប់ទីកន្លែង ដោយប្រើប្រាស់គ្រប់មធ្យោបាយ គ្រប់រូបភាព ចំគោលដៅ និងមុខសញ្ញា ព្រមទាំង មានវិធីសាស្ត្រសមស្របក្នុងការផ្សព្វផ្សាយអប់រំ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមទៀតថា ត្រូវខិតខំរៀបចំឱ្យបាននូវវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេសម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលងាយរងហានីភ័យដោយសារបទល្មើសគ្រឿងញៀន រួមទាំងសិល្បករ សិល្បការិនី បណ្ដាញសារព័ត៌មាន អ្នកដឹកនាំសាសនា អង្គការសង្គមស៊ីវិលនៅទូទាំងប្រទេស សំដៅប្រមូលផ្ដុំឱ្យមានការចូលរួមសហការ គាំទ្រទាំងសកម្មភាព និងមូលនិធិ ក្នុងចលនាជាតិប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។

ក្រោយបញ្ចប់ធ្វើសេចក្តីរាយការណ៍ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៧ រយៈពេល ០១ឆ្នាំ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២) ដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួចហើយនោះ ឯឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានឯកភាពចំពោះរបាយការណ៍ និងផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៧។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ជូនអង្គពិធីទាំងមូល ថា សម្ដេច បានអបអរសាទរចំពោះលទ្ធផល នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរបស់ក្រសួង-ស្ថាប័ន្ធ ពាក់ព័ន្ធទាំងអស់ ក៏ដូចជា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត កងកម្លាំងអនុវត្តច្បាប់គ្រប់ប្រភេទ បានយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីចាត់ចែងសម្របសម្រួល និងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ រហូតទទួលបានលទ្ធផលគួរជាមោទកៈ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ រហូតដល់សម្រេចបានជោគជ័យដ៏ធំធេង។ សម្ដេច បានបន្ដថា ទោះបីប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក៏ដោយ ក៏ប្រទេសកម្ពុជា មិនបន្ធូរដៃ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

សូមជម្រាបជូនដែរ ថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ នាឆ្នាំ២០២១ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការយ៉ាងក្ដៅគគុកដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៣,៩៧៩នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ៤.៦៨៩,៦១គីឡូក្រាម និងសារធាតុគីមីសរុបទម្ងន់ ៨៤,៩២០ គីឡូក្រាម រួមទាំង មធ្យោបាយ សម្ភារ និងវត្ថុតាងមួយចំនួនធំ ក្នុងនោះ បទល្មើសគ្រឿងញៀនធំៗ សរុបចំនួន ៧៣ករណី (មេក្លោង ៣១នាក់ និងខ្សែរយៈបណ្តាញ ១៤៣នាក់)។ ទន្ទឹមនោះ វិធានការអប់រំ និងវិធានការរដ្ឋបាល ត្រូវបានចាត់តាំងអនុវត្តតាមគ្រប់មធ្យោបាយ គ្រប់រូបភាព ដោយមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន និងទទួលបានលទ្ធជាវិជ្ជមាន ដែលកត្តាទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយឥទ្ធិពលនៃការប្រើប្រាស់ និងជួញដូរសារធាតុញៀននៅក្នុងស្រុកផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ