សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
March 31, 2022    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធ សរុបប្រមាណ២៥០រូប ដែលកម្មវិធីនេះប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីលទ្ធផលបូកសរុបនៃអង្គសន្និបាត ថា អង្គសន្និបាត បានធ្វើការកត់សម្គាល់ និងវាយតម្លៃ ថា សភាពការណ៍គ្រឿងញៀនក្នុងតំបន់ ពិភពលោក និងប្រទេសកម្ពុជា ទោះបីពិភពលោករងគ្រោះដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏សកម្មភាពរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហាក់មិនមានការថយចុះនោះទេ ហើយក្រុមឧកិ្រដ្ឋជន បានប្រើប្រាស់គ្រប់មធ្យោបាយ ឬយុទ្ធសាស្ដ្រថ្មីៗ កាន់តែមានភាពស្មុគស្មាញក្នុងការលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចរបស់យើងមានការលំបាក ក្នុងការបង្ក្រាបគ្រឿងញៀនមួយចំនួន ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩នេះ ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរបស់មន្ដ្រីអនុវត្តច្បាប់ បានជួបប្រទះការលំបាកខ្លះៗ។

ឯកឧត្តម បានបន្ដថា ជាក់ស្ដែងបទល្មើសគ្រឿងញៀនធំៗ ដែលសមត្ថកិច្ចស្រាវជ្រាវបង្ក្រាប និងរឹបអូសគ្រឿងញៀនបាន សរុបចំនួនជាង ០៤តោន ស្មើនឹង ២២១ភាគរយ ទាំងនេះជាទំហំដ៏ច្រើនលើសលុប ដែលយើងគ្រប់គ្នាមានការព្រួយបារម្ភជាខ្លាំង។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ទូទាំងប្រទេស ទើបធ្វើឱ្យក្រសួង-ស្ថាប័ន អង្គភាព និងគណៈកម្មាធិប្រយុទ្ធប្រឆាំងគ្រឿងញៀនរាជធានី-ខេត្ត បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងតាមអនឡាញជាង ៣លានដង នៅក្នុងឆ្នាំ២០២១។ ឯកឧត្តម បានបញ្ជាក់ថា ទោះបីយ៉ាងណាក៏ដោយ ក៏យើងត្រូវទាមទារជាចាំបាច់ឱ្យបន្ដយកចិត្តទុកដាក់ និងបន្ដដោះស្រាយឱ្យខានតែបាន ជាពិសេសទៅក្រុមគោលដៅ ដែលយើងយកចិត្តទុក្ខដាក់បំផុត។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍កោតសរសើរចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាព ព្រមទាំងដាក់ចេញនូវទិសដៅការងារតាមដំណាក់កាលនីមួយៗ ជាពិសេសអភិវឌ្ឍទិសដៅការងារឆ្នាំ២០២១ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ១ឆ្នាំ ២០២១ កន្លងទៅសម្រេចបានលទ្ធផលជាច្រើន។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ដថា លទ្ធផលដែលសម្រេចបាននេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ និងថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស រួមចំណែកលើកកម្ពស់សុខមាលភាព សុភមង្គលដល់គ្រប់ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជា រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស គឺការរួមចំណែក ក្នុងការកសាងសង្គមយុត្តិធម៌នៅកម្ពុជា ផងដែរ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ក្នុងខណៈប្រទេសកម្ពុជាយើង ក៏ដូចជា បណ្ដាប្រទេសនានាក្នុងតំបន់ និងពិភពលោកទាំងមូល បាននិងកំពុងទទួលរងការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ថានភាពនៃការកែច្នៃផលិត ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពុំទាន់មានការថយចុះនោះទេ ផ្ទុយទៅវិញហាក់ដូចជាមានកំណើនកើនឡើងគួរឱ្យព្រួយបារម្ភ។

ជាងនេះទៀត សម្ដេចក្រឡាហោម បានបន្ថែមថា ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយនេះ ការបង្ក្រាប ការចាប់យកសារធាតុគីមីផ្សំ និងគ្រឿងញៀនសំយោគ ទូទាំងប្រទេសកម្ពុជា ទាំងក្នុងតំបន់មានការកើនឡើងយ៉ាងគំហុកផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ