ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ
March 26, 2022    អ្នកទស្សនា :

នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំពហុជំនាញ «ព្រៃស» ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា ក្នុងពិធីបិទសន្និបាតរបស់ អគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រី នៃអង្គភាពចំណុះអគ្គនាយកដ្ឋានពន្ធនាគារ សរុបប្រមាណជាង ៩០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍សង្ខេបជូនអង្គសន្និបាតជ្រាប ថា ដើម្បីឆ្លើយតបតាមបទដ្ឋានជនជាប់ឃុំឃាំង ដែលធានាសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានយកចិត្តទុដាក់ដោះស្រាយ ជារួមបច្ចុប្បន្ននៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត មានអគារឃុំឃាំង ចំនួន ១៧៣អគារ ស្មើនឹង ១,០១៤បន្ទប់ មានផ្ទៃក្រឡា សរុប ៥៤.០៨១ម៉ែត្រក្រឡា ដែលធ្វើឱ្យផ្ទៃក្រឡាសម្រាប់ជនជាប់ឃុំសម្រាកប្រសើរជាងមុន។

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ បានបន្ដថា ឆ្នាំ២០២១ ការងារគ្រប់គ្រងជនជាប់ឃុំតាមពន្ធនាគារ ជារួមធានាការពារបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អប្រសើរ ដោយបានអនុវត្តត្រឹមត្រូវតាមច្បាប់ នីតិវិធី និងបទញ្ជាផ្ទៃក្នុងពន្ធនាគារ ជាមួយនឹងកិច្ចពង្រឹងការងារគណៈកម្មការធ្វើចំណាត់ថ្នាក់សន្ដិសុខជនជាប់ឃុំតាមពន្ធនាគារ របៀបចំអគារឃុំឃាំង និងដោះស្រាយភាពចង្អៀតណែន ការផ្ទេរសម្រួលការងារឃុំឃាំង រួមទាំងការបញ្ជូនទណ្ឌិតទៅកាន់មណ្ឌលអប់រំកែប្រែ។

នាឱកាសនោះ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធធនាគារ បានមានប្រសាសន៍លើកឡើងថា ក្នុងនាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងមហាផ្ទៃ សូមធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ជំរុញអនុវត្ត ផែនការការងារឆ្នាំ២០២១ កន្លងទៅធ្វើឱ្យអគ្គនាយកដ្ឋាន សម្រេចបាននូវបេសកកម្មសំខាន់ៗរបស់ខ្លួន ក្នុងការអនុវត្តសម្រេចជោគជ័យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍពន្ធនាគារ ស្របតាមគោលនយោបាយកំណែទម្រង់ពន្ធនាគាររបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម បានថ្លែងនូវអំណរគុណដោយស្មោះ ចំពោះអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដែលមានកិច្ចសហប្រតិបត្តិការល្អ ក្នុងភាពជាដៃគូ ដើម្បីជួយជ្រោមជ្រែងអភិវឌ្ឍន៍មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត លើការងារសន្តិសុខ សុខភាព អនាម័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារ អប់រំកែប្រែ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសមារហណកម្មជនជាប់ឃុំ ចូលទៅក្នុងសហគមន៍។

លើសពីនេះទៀត ឯកឧត្តម រដ្ឋលេខាធិការ ក៏បានលើកឡើងទៀតថា ស្របពេលជាមួយនឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ ក៏ជាបញ្ហាប្រឈមដ៏គ្រោះថ្នាក់មួយផងដែរ ប៉ុន្ដែដោយទទួបានការយកចិត្តទុកដាក់ខ្ពស់ និងទាន់ពេលវេលាពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំដោយផ្ទាល់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យើងអាចគ្រប់គ្រង និងព្យាបាលបានជំងឺនេះនៅក្នុងពន្ធនាគារ ហើយមន្ដ្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ត្រូវបានទទួលការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងដូសទី៣។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញជាអធិបតីផ្តល់កិត្តិយសបំពាក់មេដាយ គ្រឿងឥស្សរិយយស និងឋានន្ដរស័ក្តិ ព្រមទាំង ប្រគល់ប័ណ្ណសរសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារដែលមានស្នាដៃល្អ ផងដែរ។

សូមជម្រាបជូនថា សន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ នាពេលនេះបានរៀបចំឡើងផ្តោតលើប្រធានបទ «ការងារកែទម្រង់ពន្ធនាគារ ដោយផ្ដោតលើការធ្វើចំណាត់ថ្នាក់សន្ដិសុខ ដើម្បីគ្រប់គ្រងជនជាប់ឃុំដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន, ការដោះស្រាយភាពចង្អៀនណែនក្នុងពន្ធនាគារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ការអប់រំផ្លូវចិត្ត, ការផ្ដល់សេវាសុខភាព, ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ជំងឺឆ្លងផ្សេងៗចូលក្នុងពន្ធនាគារ និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឈានទៅធានាបាននូវសុវត្ថិភាព និងសមាហរណកម្មក្នុងសហគមន៍»៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ