សម្តេចក្រឡាហោម ស ខេង ៖ ការងារចុះមូលដ្ឋាន មិនមែនមកប្រៀបដូចជិះសេះមើលផ្កាទេ
March 25, 2022    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា មិនមែនចុះមកមូលដ្ឋានដើម្បីជិះសេះមើលផ្កានោះទេ ធ្វើយ៉ាងណាត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកបាណន់ និងសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងឥតឈប់ឈរ ហើយតែងតែផ្សារភ្ជាប់សកម្មភាពរបស់ខ្លួនជាមួយនឹងការងារមូលដ្ឋាន។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្រុមការងាររាជរដ្ឋាភិបាល មានការងារជំនាញ និងទទួលខុសត្រូវក្នុងវិស័យ ដែលក្រសួងបានបែងចែក និងប្រគល់ជូន ហើយក្រៅពីនោះ គឺផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយក៏មិនមែនចុះមកដើម្បីប្រៀបដូច ថា ជិះសេះមើលផ្កា ទេ»។

សម្ដេចក្រឡាហោម បានបន្ដថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ដើម្បីផ្ដួតផ្ដើមគំនិតរិះរកមធ្យោបាយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ។ សម្ដេច បានបន្ថែមថា មិនមែនតែស្រុកបាណន់ នោះទេ គឺមាននៅស្រុកផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា ទោះបីកម្រិតខុសគ្នាក៏ដោយ ប៉ុន្ដែ ក្រុមការងាររាជរដ្ឋាភិបាល មានឆន្ទៈទទួលខុសត្រូវ និងខិតខំប្រឹងប្រែងដូចគ្នា។

សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែចាត់ទុកការងារជួយប្រជាពលរដ្ឋ គឺមានតម្លៃខ្ពស់ ហើយចុះជួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល ដែលប្រជាពលរដ្ឋជួបការលំបាក។

នាឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋទាំងអស់ចេញពីជំងឺកូវីដ១៩ ដោយគ្មានការរើសអើង ប្រកាន់ ឬ បែងចែកនិន្នាការនយោបាយឡើយ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ