សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាក់កាលទី២
March 21, 2022    អ្នកទស្សនា :

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ .អ .ប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័ន្ថពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត មន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញប្រមាណ៣០០នាក់ និងអ្នកចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) ប្រមាណ ៧.០០០នាក់ ដែលរួមមានថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា។

ក្នុងពិធីប្រកាសផ្សព្វផ្សាយនេះមានគោលបំណងដើម្បីបង្ហាញអំពីសមិទ្ធផលនិងបញ្ហាប្រឈមនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងអំឡុងពេលនៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០ -២០២០) ព្រមទាំងផ្សព្វផ្សាយអំពីចក្ខុវិស័យ គោលបំណង គោលដៅ សមិទ្ធផលរំពឹងទុក និងបេសកកម្មនៃកម្មវិធីជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។

ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍រំលឹកឡើងវិញអំពីមូលហេតុសំខាន់ៗ និងកិច្ចដំណើរការនៃការអនុវត្តកំណែទម្រង់វិជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា ដោយសម្តេចក្រឡាហោម បានមានប្រសាសន៍ថា ជាទូទៅ វិមជ្ឈការ និង វិសហមជ្ឈការត្រូវបានគេចាត់ទុកថាគឺជាយុទ្ធសាស្ត្រ ឬជាគោលនយោបាយសាធារណៈមួយដ៏មានប្រជាប្រិយភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ និងអភិបាលកិច្ចក្នុងការគ្រប់គ្រង ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័សទៅនឹងសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានយកទៅអនុវត្តនៅក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ឬរដ្ឋបាលមូលដ្ឋាននៅតាមបណ្តោយប្រទេសជាច្រើនលើពិភពលោក មិនថាប្រទេសនោះជាប្រទេសតូច ឬប្រទេសធំ ជារដ្ឋទោល ឬជារដ្ឋសហព័ន្ធ ឬជាប្រទេសដែលកាន់របបនយោបាយបែបណានោះឡើយ ហើយប្រទេសនីមួយៗអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការដោយមានមូលដ្ឋានផ្សេងៗគ្នា និងផ្អែកទៅតាមកត្តានយោបាយ ភូមិសាស្ត្រ ប្រជារាស្ត្រ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និងលក្ខណៈពិសេសផ្សេងៗទៀត។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានផ្តល់អនុសាសន៍ដោយសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៃរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធនានា ត្រូវបន្តរួមគ្នាឱ្យកាន់តែសកម្ម ប្រកបដោយផ្លែផ្កាថែមទៀតទៅតាមតួនាទី ការទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា ក្នុងការជំរុញការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះឱ្យសម្រេចបានជោគជ័យតាមផែនការដែលគ្រោងទុក។

នាពេលនេះផងដែរ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការ (គ.ជ.អ.ប) បានអញ្ជើញឡើងធ្វើបទបង្ហាញសង្ខេប ស្តីពី កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយបានមានប្រសាសន៍ឱ្យដឹងថា ចក្ខុវិស័យ នៃ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០) ដោយប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម បានបន្តថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០) នេះ នឹងចូលរួមលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍនតាមបែបប្រជាធិបតេ្យប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លើសពីនេះទៀត ឯកឧត្តម ក៏បានបង្ហាញ ពីគោលដៅបន្តដើម្បីធ្វើឱ្យកម្មវីនេះកាន់តែល្អប្រសើរ ដោយត្រូវអភិវឌ្ឍរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មានលក្ខណៈទំនើប ស័្វយភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ។ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមានសិទ្ធិអំណាចសមស្រប និងសមត្ថភាពគ្រប់គ្រាន់អនុវត្តមុខងារទាំងឡាយក្រោមការត្រួតពិនិត្យពីក្រុមប្រឹក្សាដើម្បីធានាដល់ការពង្រឹងគណនេ្យភាពចំពោះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១-២០៣០) គឺ “ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ