ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី កម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើស
January 05, 2022    អ្នកទស្សនា :

ភ្នំពេញ ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើស រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូសន្និសីទពីចម្ងាយ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានសម្តែងការអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបី ក្នុងស្មារតីមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ ដែលតាមរយៈទំនាក់ទំនងនេះ បានរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខរវាងប្រទេសទាំងបី កាន់តែសកម្ម និងស៊ីជម្រៅថែមទៀត។

លើសពីនេះ ថ្នាក់ដឹកនាំនៃក្រសួងទាំងបី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធនៃភាគីទាំងបី ដែលទោះបីទទួលរងការរំខានដោយវិបត្តិនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏នៅតែបន្តរក្សានូវទំនាក់ទំនង និងកិច្ចសហការជិតស្និទ្ធ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ជាពិសេស ការដោះស្រាយបាតុភាព ផ្សេងៗតាមព្រំដែន ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងកិច្ចសហការបង្ការទប់ស្ដាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ជាមួយនឹងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងបី ក្នុងរយៈពេលកន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ វិស័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានផ្លាស់ប្ដូរយោបល់ទៅវិញទៅមក អំពីសភាពការណ៍ទូទៅនៅក្នុងតំបន់ និងសកលលោក ព្រមទាំងបានឯកភាព បន្តបង្កើនការយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនទៀតផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ឡាវ-វៀតណាម នេះ ត្រូវបានធ្វើឡើងដោយប្តូរវេនរៀងរាល់ ០២ឆ្នាំម្តង រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិនិត្យ និងពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនានារវាងប្រទេសទាំងបី៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ