សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
December 09, 2021    អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត ទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា-ឥណ្ឌា ដែលមានជាយូរឆ្នាំកន្លងមក ជាពិសេសឥណ្ឌា ជាប្រទេសមួយដំបូងគេដែលទទួលស្គាល់កម្ពុជា ក្រោយពីការដួលរំលំនៃរបបប្រល័យពូជសាស្រ្តខ្មែរក្រហម ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងតែត្រូវបានពង្រឹង និងពង្រីកជាបន្ដបន្ទាប់រហូតដល់ពេលបច្ចុប្បន្ននេះ។

សម្ដេចក្រឡាហោម ក៏បានអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ ជាពិសេស ការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ក៏បានឆ្លុះបញ្ចាំងនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌា ដែលបានជួយគាំទ្រ ជាពិសេសកិច្ចសហប្រតិបត្តិការទៅលើផ្នែកនៃការអភិវឌ្ឍសមត្ថភាព ការបណ្ដុះបណ្ដាលធនធានមនុស្ស ដល់មន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍បញ្ជាក់ថា សម្តេចនឹងបន្ដខិតខំដល់កិច្ចសហប្រតិបត្តិការ ជំរុញការអនុវត្តទៅតាមអ្វីដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀង ក៏ដូចជា រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា និងឥណ្ឌា ដែលបានឯកភាពក្នុងការបន្ដពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនឡើងថែមទៀត។

ជាការឆ្លើយតប លោកជំទាវ បណ្ឌិត Devyani Khobragade បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម និងឯកភាពនូវការវាយតម្លៃរបស់ សម្ដេចក្រឡាហោម ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកជំទាវ ក៏បានជម្រាបជូនសម្តេចផងដែរថា លោកជំទាវ បានកត់សម្គាល់ឃើញថា ជាការពិតទំនាក់ទំនងរវាង កម្ពុជា-ឥណ្ឌា គឺមានជាយូរលុងណាស់មកហើយ ជាពិសេស ប្រទេសទាំងពីរគឺមានការផ្សារភ្ជាប់វប្បធម៌ អរិយធម៌ សាសនា តាំងពីយូរលុងដូចគ្នា ដូចដែល សម្ដេចក្រឡាហោម បានលើកឡើង ប្រទេសឥណ្ឌា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសគាំទ្រកម្ពុជា បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។

លើសពីនេះទៀត លោកជំទាវបានជម្រាបជូនបន្តថា លោកជំទាវ នឹងបន្ដរក្សានូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្ដទៀតជាមួយប្រទេសកម្ពុជា ដោយលោកជំទាវ នឹងបន្ដខិតខំធ្វើយ៉ាងណាជំរុញឱ្យមាននូវកិច្ចសហប្រតិបត្តិការកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀតរវាងប្រទេសទាំងពីរ និងរវាងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធរបស់ប្រទេសឥណ្ឌា។

លោកជំទាវ ក៏បានជម្រាបជូន សម្ដេចក្រឡាហោម ផងដែរ អំពីការជួយគាំទ្ររបស់ភាគីឥណ្ឌាលើកិច្ចការមួយចំនួននៅកម្ពុជា ទាំងការងារអភិវឌ្ឍន៍មូលដ្ឋាន និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ដោយលោកជំទាវ បានសម្ដែងក្ដីរីករាយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ពិសេស នៅក្នុងខេត្តមួយចំនួនស្ថិតជាមណ្ឌលបោះឆ្នោតដែល សម្ដេចក្រឡាហោម ទទួលខុសត្រូវ។

ជាងនេះទៅទៀត លោកជំទាវ បណ្ឌិត Devyani Khobragade បានបន្ថែមថា ឆ្នាំ២០២២ ខាងមុខនេះ ក៏ជាឆ្នាំមានសារៈសំខាន់រវាង កម្ពុជា-ឥណ្ឌា ដោយកម្ពុជា ទទួលធ្វើជាប្រធានអាស៊ាន ហើយក៏ជាឆ្នាំប្រារព្ធខួបនៃទំនាក់ទំនង ៧០ឆ្នាំរវាងប្រទេសទាំងពីរ ផងដែរ។ លោកជំទាវ ពិតជាមានសេចក្ដីរីករាយបន្ដពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យ ឬផ្នែកនានា ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា ជាមួយភាគីឥណ្ឌា ដើម្បីអបអរសាទរ ឆ្នាំ២០២២ ដែលជាឆ្នាំដ៏មានសារៈសំខាន់នេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ក៏ដូចជា គំនិតផ្ដួតផ្ដើមរបស់ លោកជំទាវ ក្នុងការពង្រឹង ពង្រីងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការ លើការងារដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងសេចក្ដីរីករាយនូវការទទួលយកគំនិតយោបល់ល្អៗរបស់ លោកជំទាវ នៅក្នុងការពង្រឹង ពង្រីកទំនាក់ទំនងរវាងភាគីទាំងពីរនេះ។ សម្ដេច នឹងបន្ដជំរុញការអនុវត្តនូវបណ្ដាកិច្ចព្រមព្រៀង ឬក៏អនុសារណៈនានាដែលភាគីទាំងពីរបានចុះហត្ថលេខាជាមួយគ្នានាពេលកន្លងមក ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់បម្រើដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរ។

ជាទីចុងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានជូនពរលោកជំទាវ បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត ទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បំពេញតួនាទីប្រកបដោយជោគជ័យនៅកម្ពុជា។ សម្ដេចក្រឡាហោម ក៏បានត្រៀមខ្លួនជានិច្ច ដើម្បីជជែក និងពិភាក្សាការងារផ្សេងៗជាមួយ លោកជំទាវ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ