សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
December 01, 2021    អ្នកទស្សនា :

នាថ្ងៃរសៀលថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Nguyễn Huy Tang ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការសូមចូលរួមអបអរសារទរជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះ ឯកឧត្តម ដែលត្រូវបានរដ្ឋាភិបាលវៀតណាម តែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាម ជូនចំពោះសម្តេចក្រឡាហោម ស ខេង លើសពីនេះទៀត ក៏បានសម្តែងនូវក្តីរីករាយ និងជាកិត្តិយសដែលទទួលបាននូវការតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនបន្ថែមទៀតថា ក្នុងរយៈកាលកន្លងមកឯកឧត្តមធ្លាប់បានបំពេញការងារនៅប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះ ឯកឧត្តម សូមធ្វើការវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរាជរដ្ឋាភិបាល ដែលផ្អែកលើយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចក្រឡាហោមថា ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថាកម្ពុជានឹងបន្តសម្រេចបានវឌ្ឍនភាពកាន់តែល្អប្រសើរឡើងថែមទៀត ស្របជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការអបអរសារទរនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងសម្តែងនូវការដឹងគុណចំពោះការជួយគាំទ្ររបស់កម្ពុជាក្នុងបុព្វហេតុឯករាជ្យរបស់វៀតណាមផងដែរ។ ឯកឧត្តម បន្តថា ជាការពិតណាស់ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច នយោបាយ ការទូត សន្តិសុខ ជាដើម ហើយក្នុងអណត្តិបេសកកម្មរបស់ឯកឧត្តម ក៏នឹងបន្តខិតខំធ្វើយ៉ាងណាជំរុញឱ្យទំនាក់ទំនងលើវិស័យទាំងនេះបន្តមានការរីកចម្រើនជាលំដាប់បន្ថែមទៀតផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តម ក៏បានបង្ហាញនូវក្តីរីករាយនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតរវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាមដោយ ជំរុញលើកទឹកចិត្តនូវការអនុវត្តយន្តការកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ទាំងការងារសន្តិសុខ ការផ្លាស់ប្តូរគណៈប្រតិភូ និងការងារពិនិត្យលទ្ធភាពរៀបចំព្រឹត្តការណ៍ក្នុងការអបអរខួបលើកទី៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ២០២២ខាងមុខ។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការអរគុណនឹងគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម បានមានប្រសាសន៍ជម្រាបជូនថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ។

ជាចុងបញ្ចប់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជូនពរឯកឧត្តមឱ្យទទួលបាននូវជោគជ័យក្នុងការបំពេញបេសកកម្មការទូត ក្នុងនាមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏បានជម្រាបជូនថា សម្តេច ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដោះស្រាយនូវកិច្ចការងារផ្សេងៗ ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ