សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការយូណេស្ដូ លើកទី៤១ នៅសាធារណរដ្ឋបារាំង
November 16, 2021    អ្នកទស្សនា :

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គបានសព្វព្រះរាជហឬទ័យដ៏ខ្ពង់ខ្ពស់បំផុតយាងចូលរួមមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្ដូ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងពិធីទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលព្រឹកនេះក៏មានការចូលរួមពី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

សូមជម្រាបជូនផងដែរថា នាឱកាសដ៏ឧត្តុង្គឧត្តមបំផុតក្នុងមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្ដូ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំងនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យដ៏ថ្លៃថ្លាបំផុតថ្លែងនូវព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋចំនួនជាង២០ប្រទេស នាទីក្រុងប៉ារីស ប្រទេសបារាំង។

ជាមួយគ្នានេះដែរក្នុងឱកាសគង់បំពេញព្រះរាជកិច្ច នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានជូនលោកជំទាវ Audrey AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ ចូលថ្វាយបង្គំគាល់សម្តែងការគួរសម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តមនាពេលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានមានព្រះរាជឱង្ការសម្តែងនូវការចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ Audrey AZOULAY ដែលបានជាប់ឆ្នោតយ៉ាងត្រចះត្រចង់ជាអគ្គនាយិកា នៃអង្គការយូណេស្កូ សាជាថ្មីម្តងទៀត។ លេីសពីនេះទៀត​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏មានព្រះរាជឱង្ការស្នើដល់អង្គការយូណេស្កូ ដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ។

គួរបញ្ជាក់ជូនថា អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ទៅលើការអប់រំ វិទ្យាសាស្ត្រ និងការអប់រំ។ អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥។ អង្គការយូណេស្កូ ធ្វើបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

ជាងនេះទៅទៀត ប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយាល័យអង្គការយូណេស្កូ នៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញកាលពីឆ្នាំ១៩៩១។ អង្គការយូណេស្កូ នៅព្រះរាជាណាចក្រកម្ពុជា ធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា ដែលហៅកាត់ថា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ