នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៣៥ សណន ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្តីពី ការកែតម្រូវ និង ការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន។
កិច្ចប្រជុំនេះ គឺមានគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការកែឈ្មោះ ថ្ងៃខែឆ្នាំកំណើត ដែលអាជ្ញាធរមូលដ្ឋានសរសេរខុស ឬជាកំហុសខ្លួនឯង លើចំណុចមានដូចជាៈ
១.ការខុសឆ្គងអក្ខរាវិរុទ្ធលើ នាមត្រកូល និងនាមខ្លួន របស់សាម៉ីខ្លួន ឬរបស់ឪពុកម្តាយ
២.ការសរសេរខុសភេទ
៣.អាយុរបស់ឪពុកម្តាយ ឬថ្ងៃខែឆ្នាំ
៤.ខុសថ្ងៃកំណើតសុរិយគតិ(ដូចជាថ្ងៃទី៣០ ខែកុម្ភៈ ឬថ្ងៃទី៣១ ខែមេសា)
៥.ខុសថ្ងៃកំណើតច័ន្ទគតិ ដូចជាសរសេរចុះដាក់ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ១៩៧២ ប៉ុន្តែជាក់ស្តែង ថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧២ ជាថ្ងៃព្រហស្បតិ៍
៦.ការភាន់ច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាល
៧.ខ្ទង់ទីកន្លែងកំណើត បានសរសេរខុសពីទីកន្លែងកំណើតសាម៉ីខ្លួនបានកើតជាក់ស្តែង
៨.ការខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋាន
៩.សម្រេចមោឃភាពលើបញ្ជីអត្រានុកូលដ្ឋានទាំងឡាយណាដែលបានចុះជាន់គ្នា
១០. កែតម្រូវទិន្នន័យអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ៕