សម្តេចក្រឡាហោម ស ខេង អនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
October 27, 2021    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធទី២៧ ខែតុលា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជំនួបនាពេលព្រឹកនេះមានគោលបំណងពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ អំពីជំនួយរបស់អូស្ត្រាលីទៅលើក្របខណ្ឌគណនេយ្យភាពសង្គម និងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា-អូស្ត្រាលី។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានជម្រាបជូនសម្តេចក្រឡាហោម អំពីភាពជាដៃគូសន្តិសុខត្រីភាគី ដែលមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហៅកាត់ថា «AUKUS» ថា ក្របខណ្ឌនេះគឺគ្មានគោលបំណងដើម្បីបង្កនូវហានិភ័យ អសន្តិសុខនៅក្នុងតំបន់នោះទេ គឺធ្វើឡើងក្រោមហេតុផលសន្តិភាព និងផ្អែកលើតម្រូវការរបស់ភាគីប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។

ពាក់ព័ន្ធទៅនឹងចំណុចនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច បានថ្លែងអំណរគុណ ដល់ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលបានជម្រាបអំពីបញ្ហានេះ។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ថា ចំពោះជំហររបស់កម្ពុជា គឺបានបញ្ជាក់រួចមកហើយ តាមរយៈក្រសួងការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា លើបញ្ហានេះ។

ដោយឡែកពាក់ព័ន្ធក្របខណ្ឌនៃជំនួយរបស់អូស្ត្រាលីទៅលើក្របខណ្ឌគណនេយ្យភាពសង្គម ឯកឧត្តមបានជម្រាបជូនសម្តេចក្រឡាហោមថាក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១នេះ អូស្ត្រាលីនឹងផ្តល់ជំនួយជាថវិកាស្មើនឹង១៥លានដុល្លារអូស្រ្តាលី សម្រាប់អនុវត្តគម្រោងនានាក្នុងក្របខណ្ឌនៃគណនេយ្យភាពសង្គម តាមរយៈធនាគារពិភពលោក។

ជាការឆ្លើយតបសម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះជំនួយរបស់ភាគីអូស្ត្រាលី ដែលក៏ជាផ្នែកមួយនឹងចូលរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិ១០ឆ្នាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកំណែទម្រង់ការងារវិមជ្ឍការ និងវិសហមជ្ឍការផងដែរ។ សម្តេចក្រឡាហោម បានបន្ថែមថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនេះ ដោយបានរៀបចំនូវផែនការជាតិរយៈពេល១០ឆ្នាំបន្ថែមទៀត ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ហើយកាលពីពេលកន្លងមកនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចផ្ទេរការគ្រប់គ្រងលើវិស័យសុខភិបាល ទៅថ្នាក់ក្រោមជាតិរួចមកហើយដែរ ដែលការងារនេះបានរួមចំណែកក្នុងគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្នបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា និងអូស្ត្រាលី ទោះបីជាប្រឈមនឹងស្ថានភាពកូវីដ១៩យ៉ាងណាក៏ដោយ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានធ្វើការវាយតម្លៃខ្ពស់លើការងារសហប្រតិបត្តិការនៅតែធ្វើល្អ ដែលក្នុងនោះមានដូចជា ការបណ្តុះបណ្តាល ការកសាងសមត្ថភាព ការស្រាវជ្រាវបង្ក្រាបបទល្មើសមួយចំនួននៅតែបន្តសហការយ៉ាងសកម្ម។ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមនឹងបើកដំណើរការព្រំដែនឡើងវិញ ភាគីអូស្ត្រាលី ក៏នឹងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនដល់កងកម្លាំងអនុវត្តច្បាប់ សំដៅបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងច្រកទ្វារព្រំដែនឱ្យទទួលបានប្រសិទ្ធភាព នៅពេលបើកដំណើរការព្រំដែនឡើងវិញ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ សម្តេចក្រឡាហោម ក៏បានសម្តែងនូវការអបអរសាទរចំពោះកិច្ចសហការរវាងភាគីទាំងពីរក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនេះដែរ សម្តេចក្រឡាហោម ក៏បានស្នើរឱ្យភាគីអូស្ត្រាលីពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងនឹងការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលមានការកើនឡើង បើទោះបីទោះជាក្នុងស្ថានភាពជំងឺកូវីដ១៩ យ៉ាងណាក្តី៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ