សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរខេត្តរតនគិរី បន្តប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសរត់ពន្ធមនុស្ស និងគ្រឿងញៀន នៅតាមតំបន់ព្រំដែន
October 13, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរខេត្តរតនគិរី ព្រមទាំងអ្នកពាក់ព័ន្ធ ត្រូវបន្ដប្រយុទ្ធប្រឆាំងបទល្មើសរត់ពន្ធមនុស្ស គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ជាដើម នៅតាមតំបន់ព្រំដែន ឲ្យបានម៉ឺងម៉ាត់។ ពិសេស ត្រូវការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែនដើម្បីជំរុញការអភិវឌ្ឍព្រំដែនឱ្យទៅជាព្រំដែនមានទាំងសន្តិភាព និងរីកចំរើនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ថ្មី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលរួមគ្នាខិតខំប្រឹងប្រែង ដើម្បីការពារសន្ដិសុខ សន្ដិភាព ស្ថេរភាពនយោបាយបានយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បញ្ហាគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ព្រំដែន ជាកិច្ចជាប់ជាប្រចាំរបស់ខេត្តរតនគិរី ព្រោះជាប់ព្រំទល់ វៀតណាម និងឡាវ ហើយសំណូមពរសំខាន់បំផុត ត្រូវមានទំនាក់ទំនងជាមួយប្រទេសជិតខាង គឺការពារបូរណភាពទឹកដីឱ្យបាន និងការពារអធិបតេយ្យជាតិឱ្យបាន»។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍បន្តទៀតថា ត្រូវអភិវឌ្ឍន៍ព្រំដែនដោយសន្ដិភាព ដូចជា ៖ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាដើម ដើម្បីផលប្រយោជន៍ប្រទេសទាំងសង់ខាង ដូចជា ៖ កម្ពុជា-វៀតណាម-ឡាវ។ សម្ដេច ក៏បានសង្កត់ធ្ងន់ផងដែរថា ជាពិសេស នោះ អាជ្ញាធរខេត្តរតនគិរី ក៏ត្រូវប្រឆាំងបទល្មើសផ្សេងៗទៀត ដូចជា ៖ រត់ពន្ធមនុស្ស គ្រឿងញៀន ជាដើម ដោយសហការជាមួយប្រទេសជិតខាង។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការគ្រប់គ្រងព្រំដែន និងការអភិវឌ្ឍន៍ព្រំដែន គឺត្រូវឈរលើគោលការណ៍សន្ដិភាព ជាមួយការពង្រឹង និងពង្រីកក្នុងការសហប្រតិបត្តិការជាមួយប្រទេសជិតខាង។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរខេត្តរតនគិរី ត្រូវការពារធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីទុកឱ្យកូនចៅជំនន់ក្រោយ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ