សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តរតនគិរី
October 13, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ៍ ទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជំនួសឯកឧត្តម ថង សាវុន ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតផ្ទេរភារកិច្ចជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី វិញ។

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នាពេលរសៀលនេះ ត្រូវបានរៀបចំធ្វើឡើងនៅសាលាខេត្តរតនគិរី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត ព្រមទាំង បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩បានយ៉ាងល្អផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដែលត្រៀមអញ្ជើញទៅកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី វិញ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលអំពីស្ថានភាពទូទៅ នៃខេត្តរតនគិរី ថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាទូទៅនៅក្នុងខេត្តនារយៈពេលកន្លងមកនេះ មានស្ថានភាពជាប្រក្រតី ដែលបានបង្កលក្ខណៈល្អប្រសើរ បម្រើដល់ជីវភាពសង្គម សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែករដ្ឋ និងផ្នែកឯកជន។

ឯកឧត្តម បានបន្ដថា ទន្ទឹមគ្នានេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានខិតខំពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ- ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយបានធ្វើវេទិកាសាធារណៈនៅទូទាំងខេត្តដោយលើកយកប្រធានបទចំនួន ៧ចំណុចរបស់លក្ខណៈសម្បត្តិ នៃ ភូមិ-ឃុំ មានសុវត្ថិភាព និងលើកឡើងចំណុចដែលស្របទៅនឹងសភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយធ្វើការបំផុសគំនិតឱ្យប្រជាពលរដ្ឋចូលរួមយោបល់អំពីបញ្ហារបស់ពួកគាត់។ គោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព បានឆ្លុះបញ្ចាំងនូវឆន្ទៈប្រជាពលរដ្ឋចូលរួមក្នុងចលនាប្រជាការពារ ភូមិ-ឃុំ-សង្កាត់ ដោយស្មារតីស្មោះស្ម័គ្រ និងសហការក្នុងសកម្មភាពរក្សាសន្តិសុខសណ្តាប់សង្គម។

បន្ទាប់ពីបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេបរបស់ ឯកឧត្តម ថង សាវុន រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តជូន ឯកឧត្តម ញ៉ែម សំអឿន ដើម្បីមុខការទទួលខុសត្រូវ លើតួនាទីភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ថ្មី ចាប់ពេលនេះតទៅ។

ក្រោយទទួលតំណែងជាផ្លូវការរួច ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ថ្មី ក៏បានធ្វើការប្ដេជ្ញាចិត្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលមានអភិបាលកិច្ចល្អជាស្នូល ដើម្បីចូលរួមអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ក៏បានប្ដេជ្ញាបន្តការខិតខំទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើរំលោភអំណោច និងអយុត្តិធម៌សង្គម ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់»។

ឯកឧត្តម ក៏បានបន្ដថា ឯកឧត្តមនិងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងខិតខំទប់ស្កាត់បទល្មើសនានា ជាពិសេស បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តជាប់ព្រំដែន។

ឆ្លៀតឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានរួមគ្នាខិតខំដោះស្រាយបញ្ហានានា ដើម្បីការពារសន្ដិសុខ សុវត្ថិភាព សន្ដិភាព ស្ថេរភាពនយោបាយ ក៏ដូចជា ជំរុញការអភិវឌ្ឍន៍នៅគ្រប់វិស័យ។ សម្ដេចក្រឡាហោម ក៏បានចាត់ទុកថា ខេត្តរតនគិរី គឺជាខេត្តមានចំម្ងាយឆ្ងាយជាងគេ ពីរាជធានីភ្នំពេញ ហើយបច្ចុប្បន្ននេះ ខេត្តរតនគិរី បានលិចលឺព័ត៌មានល្អៗជាច្រើន ដោយសារខេត្តមានការរីកចម្រើនជាច្រើន។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ ក្រុមការងាររាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានខិតខំប្រឹងប្រែងគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តរតនគិរី។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ដ្រីជុំវិញខេត្តរតនគិរីទាំងអស់ ត្រូវគាំទ្រដល់ ឯកឧត្តម ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរីថ្មី ដើម្បីដឹកនាំខេត្តឱ្យមានការរីកចម្រើន។ សម្ដេចក្រឡាហោម ក៏បានណែនាំដល់ ឯកឧត្តម ញ៉ែម សំអឿន ត្រូវដឹកនាំខេត្តរតនគិរី ឱ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសនោះ ការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំង ដោះស្រាយជូនប្រជាពលរដ្ឋរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ