សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ធំលើកកម្ពស់ការគ្រប់គ្រង និងថែរក្សាធនធានធម្មជាតិ ដោយអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់
October 12, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃខេត្តកំពង់ធំ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងថែរក្សា ការពារធនធានធម្មជាតិ ព្រោះថា ជាទ្រព្យសម្បត្តិសាធារណៈ ដោយអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំថ្មី នាសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវការពារធនធានធម្មជាតិ ដោយសារភូមិសាស្ដ្រខេត្តកំពង់ធំ មួយផ្នែកគ្របដណ្ដប់ដោយតំបន់ការពារ និងតំបន់អភិរក្ស ដែលតែងតែទទួលរងនូវការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានកាន់កាប់ដីព្រៃ ដីតំបន់ការពារ និងតំបន់អភិរក្សដោយខុសច្បាប់ រួមទាំង តំបន់អភិរក្សជលផល ដែលមានបទល្មើសនេសាទ ផងដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ហេតុដូចនេះ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃខេត្តកំពង់ធំ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងថែរក្សា ការពារធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹង ការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប់បទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទ ឱ្យបានជាប់ជាប្រចាំ»។

សម្ដេចក្រឡាហោម បានបន្ដថា ទន្ទឹមនឹងនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួបរួមគ្នាបង្កើនការផ្សព្វផ្សាយអប់រំ និងបំផុស ឱ្យមានការចូលរួមពីប្រជាពលរដ្ឋឱ្យការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីទុក្ខសម្រាប់កូនចៅជំនាន់ក្រោយ បានឃើញ និងបានស្គាល់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ