សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បើកចំហទទួលយកសំណើទាំងអស់ពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនពួកគាត់
October 12, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបើកចំហទទួលយកសំណើ និងការលំបាកនានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនពួកគាត់ភ្លាមៗឲ្យមានប្រសិទ្ធិភាពខ្ពស់។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំថ្មី នាសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដគ្រប់គ្រងតាមមូលដ្ឋាន ដើម្បីដាក់ចេញ និងទប់ស្កាត់ឱ្យទាន់ពេលវេលា នូវសកម្មភាពអសន្ដិសុខក្នុងសង្គម ជាពិសេស ត្រូវបកស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានូវព័ត៌មានមិនពិត។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្នុងឋានៈយើងជាអាជ្ញាធរ ជាអ្នកមានអំណាច យើងចាំបាច់ត្រូវតែបើកចំហ និងហ៊ានបើកចំហ ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ ដែលមានបញ្ហាឱ្យយើងជួយគាត់ ដើម្បីដោះស្រាយបញ្ហានោះ យើងមិនត្រូវចង្អៀតចង្អល់ ហើយរឹតត្បិតព័ត៌មានដែលបញ្ហាពីការពិត កាលណាយើងធ្វើដូច្នោះ យើងពិតជានឹងជួបបញ្ហា ហើយលទ្ធផលចុងក្រោយនឹងទៅយ៉ាងម៉េច? បានន័យថា ប្រជាពលរដ្ឋដែលមានបញ្ហាមិនត្រូវបានដោះស្រាយ ឬមួយក៏ត្រូវបានដោះស្រាយ ក៏ប៉ុន្ដែមិនយុត្តិធម៌»។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា អំណាចចេញពីប្រជាពលរដ្ឋក្នុងក្របខណ្ឌប្រទេសមួយប្រកាន់របបប្រជាធិតេយ្យ សេរីពហុបក្ស ប្រជាពលរដ្ឋតែងតែប្រើនូវសិទ្ធិអំណាចរបស់គាត់តាមរយៈការបោះឆ្នោត «ផ្ដល់សេចក្ដីទុក្ខចិត្ត ឬមិនផ្ដល់សេចក្ដីទុក្ខចិត្ត» នោះហើយ គឺប្រើប្រាស់សិទ្ធិអំណាចរបស់ពួកគាត់។

សម្ដេចក្រឡាហោម បានបន្ដថា ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយល់អំពីបញ្ហាទាំងនេះ ហើយត្រូវបើកចំហ ធ្វើចិត្តឱ្យទូលាយ ដើម្បីទទួលយកនូវបញ្ហាលំបាកៗទាំងឡាយយកមកដោះស្រាយ ពិសេសនោះ ជៀសវាងរុញរាល់នូវបញ្ហាលំបាក ហើយយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់។

សម្ដេចក្រឡាហោម ក៏បានជម្រុញណែនាំបន្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបើកចំហ ដើម្បីបម្រើប្រជាពលរដ្ឋ ដូច្នេះព័ត៌មានទាំងអស់ត្រូវយកមកវិភាគ ពិចារណា តើពិត ឬមិនពិត? ហើយប៉ះពាល់អ្វីខ្លះរវាង រដ្ឋ និងប្រជាពលរដ្ឋ ព្រមទាំង សហគមន៍មូលដ្ឋាន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ