សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរជាប់ព្រំដែនជួយរកទីផ្សារជូនប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញ ចេញ-ចូល កម្ពុជា-ថៃ
October 11, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនត្រូវជួយជ្រំជ្រែងរកទីផ្សារជូនប្រជាពលរដ្ឋ ក្នុងការជំរុញចរាចរណ៍ផ្លាស់ប្ដូរទំនិញ ទៅវិញ ទៅមក រវាងកម្ពុជា-ថៃ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ន ព្រំដែនកម្ពុជាបានបិទចរាចរណ៍ចំពោះភ្ញៀវទេសចរណ៍ ក៏ប៉ុន្ដែសម្រាប់ការដឹកជញ្ជូនទំនិញវិញ គឺនៅដំណើរការធម្មតា។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា «អាជ្ញារធរត្រូវបង្កលក្ខណៈសម្បត្តិ និងជួយជ្រំជ្រែងដើម្បីរកទីផ្សារជូនប្រជាពលរដ្ឋ ដោយការដឹកជញ្ជូនផលិតផលនានាទៅលក់នៅថៃ ឬថា ទំនិញនានាពីថៃ មកកម្ពុជាវិញ។ ប៉ុន្ដែទេសចរណ៍ យើងបិទមិនឱ្យចេញ-ចូល ក៏ប៉ុន្ដែសម្រាប់ទំនិញ យើងអត់បានបិទឡើយបើកធម្មតា»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរជាប់ព្រំដែន ត្រូវខិតខំធ្វើយ៉ាងណាឱ្យមានការផ្លាស់ប្ដូរទំនិញរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែនឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាពិសេស ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំង បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់ ជាដើម។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមទៀតដល់ថ្នាក់ដឹកនាំខេត្តដែលជាប់ព្រំដែនទាំងអស់ ត្រូវបន្តភារកិច្ចការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាតជាមួយនឹងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការនានាជាមួយខេត្តជាប់ព្រំដែន ដើម្បីធានាព្រំដែនឲ្យមានសន្តិភាព និងអភិវឌ្ឍន៍៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ