សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង
October 11, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ វិញ។

ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាពេលព្រឹកនេះ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត ហើយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩។

ជាកិច្ចចាប់ផ្ដើម ឯឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលត្រៀមអញ្ជើញទៅកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ វិញ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលអំពីស្ថានភាពទូទៅ នៃវឌ្ឍនភាពសម្រេចបានក្នុងខេត្តបាត់ដំបង ថា ខេត្តបាត់ដំបងមានផ្ទៃដីសរុប ១១.៧៤៨ គីឡូម៉ែត្រការ៉េ ចែកចេញជាក្រុង០១ និងស្រុកចំនួន ១៣ មាន ១០៣ ឃុំ-សង្កាត់ និង ៨៣០ ភូមិ។ ប្រជាពលរដ្ឋសរុប ១.៣៣៨.៥៤៤ នាក់ (ស្រី ៦៧១.០២៤នាក់) ដែលមាន ២៩០.១១៩ គ្រួសារ។ អត្រាស្ត្រីជាមេគ្រួសារសរុប ១៣,៥៤%។ ដង់ស៊ីតេប្រជាពលរដ្ឋ ១១៤នាក់ក្នុងគីឡូម៉ែត្រក្រឡា។ ប្រជាពលរដ្ឋប្រមាណ៦៨% ប្រកបមុខរបរ កសិកម្ម។ អត្រាភាពក្រីក្ររបស់ប្រជាជនខេត្តបាត់ដំបងបានថយចុះមកនៅត្រឹម ១០,២០% នៅឆ្នាំ២០២១។

ឯកឧត្តម បានបន្ដថា សេដ្ឋកិច្ចខេត្តបាត់ដំបង មានចំនួនស្មើនឹង ៨,១៨% នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ (GDP) ១.៦១៦,៤ ដុល្លារ/ម្នាក់។ ចំនួនមន្ត្រីរាជការស៊ីវិលនៅទូទាំងខេត្តសរុបមានចំនួន ១២.២៩៥នាក់ (ស្រី ៦.២១៦នាក់)។ សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បង និងមានវិស័យពាណិជ្ជកម្ម-ការវិនិយោគ និងវិស័យទេសចរណ៍-សេវាកម្ម ដែលជាវិស័យសំខាន់ៗ ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅក្នុងខេត្តផងដែរ។

បន្ទាប់ពីបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេបរបស់ ឯឧត្តម ងួន រតនៈ រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តជូនឯកឧត្តម សុខ លូ ដើម្បីមុខការទទួលខុសត្រូវ លើតួនាទីភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី។

ក្រោយទទួលតំណែងជាផ្លូវការរួច ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការប្ដេជ្ញាចិត្តអនុវត្តតាមបទបញ្ជា និងគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការ ផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលខេត្ត ជាពិសេសនោះ ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។

ឯកឧត្តម បានបន្ថែមថា ឯកឧត្តមនិងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តតួនាទីភារកិច្ច ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថែមទៀត ឱ្យស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋាន និងស្របតាមផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង ចូលរួមចំណែកលើកកម្ពស់សេវាសង្គម កសាង កែលម្អ និងពង្រីកហេដ្ឋារចនា សម្ព័ន្ធសាធារណៈស្របតាមការអភិវឌ្ឍ នៅមូលដ្ឋានប្រកបដោយសមធម៌ និងមានចីរភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ងួន រតនៈ ដែលបម្រើការងារជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អស់រយៈពេលជិត៤កន្លងមកនេះ ធ្វើឱ្យខេត្តមានការរីកចម្រើន ផងដែរ។ សម្ដេចក្រឡាហោម ក៏បានកោតសរសើរដល់ក្រុមប្រឹក្សាខេត្តបាត់ដំបង និងអភិបាលខេត្តបាត់ដំបង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានខិតខំប្រឹងប្រែងថែរក្សា និងពង្រឹងសន្ដិសុខសណ្ដាប់សាធារណៈ ក្នុងខេត្តបាត់ដំបង បានយ៉ាងល្អប្រសើរ ដើម្បីការពារបូរណៈភាពទឹកដី ព្រោះថា ខេត្តបាត់ដំបងមានព្រំទល់ជាប់ជាមួយនឹងប្រទេសថៃ និងជាប់បណ្ដាខេត្តមួយចំនួនទៀត នៅបែកខាងលិចរបស់កម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម បានបន្តថ្លែងការកោតសរសើរដល់ ឯកឧត្តម ងួន រតនៈ ដែលបានខិតខំប្រឹងប្រែងផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋមានប្រសិទ្ធិខ្ពស់ ទោះបី មានបញ្ហាមួយចំនួនក៏ដោយ ប៉ុន្ដែជាទូទៅបានខិតខំប្រែង ព្រមទាំង កាត់បន្ថយការលំបាកជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ ផងដែរ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់ ឯកឧត្តម-លោកជំទាវ ជាពិសេស ក្រុមប្រឹក្សាខេត្តបាត់ដំបង មន្ទីរខេត្ត អភិបាលស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវគាំទ្រដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តដំបងថ្មី ដើម្បីជំរុញនូវការចាត់ចែងការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម បានពន្យល់ថា ឯកឧត្តម ងួន រតនៈ និងឯកឧត្តម សុខ លូ បានធ្វើការដោះដូរគ្នា ក្នុងការធ្វើអភិបាលខេត្តមួយ ទៅខេត្តមួយទៀត គឺជារឿងធម្មតា ក្នុងជីវភាពក្នុងការគ្រប់គ្រងរបស់រដ្ឋ។ សម្ដេច បានរំលឹកថា ខេត្តបាត់ដំបង ចាប់តាំងពីឆ្នាំ១៩៧៩ មកដល់ពេលនេះ ខេត្តបាត់ដំបង មានអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចំនួន១១រូប ដែលបានដឹកនាំខេត្តបាត់ដំបងមកដល់ពេលបច្ចុប្បន្ននេះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ