អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាពាក្យបច្ចេកសព្ទក្នុងវិស័យអធិការកិច្ចរបស់អគ្គាធិការដ្ឋាន
August 05, 2021    អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ទី៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក្យបច្ចេកសព្ទក្នុងវិស័យអធិការកិច្ចរបស់អគ្គាធិការដ្ឋាន តាមរយៈប្រព័ន្ធកម្មវិធីZoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រុមការងារជំនាញ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គាធិការ បានជម្រាបគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលរបាយការណ៍ពាក្យបច្ចេកសព្ទអធិការកិច្ចនិងស្វែងរកធាតុចូលថ្មីៗបន្ថែមទៀតដែលអគ្គាធិការដ្ឋាននឹងត្រូវចូលរួមប្រជុំជាមួយគណៈកម្មការរៀបចំសន្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសុខសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ និងបានជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ ប៊ុនណារិទ្ធ អគ្គាធិការរង ដែលត្រូវបានចាត់ឱ្យចូលរួមកិច្ចប្រជុំបុរេអង្គប្រជុំឆ្លងមេពាក្យបច្ចេកសព្ទរបស់អនុគណៈកម្មការអធិការកិច្ចកន្លងមក ជម្រាបរបាយការណ៍សង្ខេបជូនអង្គប្រជុំ។

បន្ទាប់ពីអង្គប្រជុំពិនិត្យ ពិភាក្សាដោយយកទុកចិត្តទុកដាក់រួចមក ឯកឧត្តម អគ្គាធិការ បានឯកភាពយោបល់លើកឡើងរបស់ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋានមួយចំនួនពាក់ព័ន្ធនឹងការកែសម្រួលខ្លឹមសាររបាយការណ៍នេះ ប៉ុន្តែឯកឧត្តមបន្តទៀតថា របាយការណ៍ពេលនេះមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ស្នើ ឯកឧត្ដម អគ្គាធិការរងពាក់ព័ន្ធ ជាពិសេសប្រធាននាយកដ្ឋានទាំង៦រូបជានាយកដ្ឋានជំនាញ ត្រូវស្រាវជ្រាវស្វែងរកនូវពាក្យបច្ចេកសព្ទអធិការកិច្ចនេះបន្ថែមទៀតទាំងក្នុងប្រទេស និងក្រៅប្រទេសដើម្បីជាមូលដ្ឋាន និងជាធាតុចូលថ្មី។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានណែនាំពាក្យបច្ចេកសព្ទមិនគួរសរសេរវែងនោះទេ គួរសរសេរខ្លីតែខ្លឹមសារគ្រប់គ្រាន់ និងងាយចាំ។

ឆ្លៀតឱកាសនោះ ឯកឧត្តម អគ្គាធិការបានណែនាំប្រធាននាយកដ្ឋានទាំង៦ ពិនិត្យសំណុំរឿង សកម្មភាពឡើងវិញសម្រាប់២០២១ ចំពោះសកម្មភាពការងារដែលមិនទាន់បានសម្រេច អាចដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ២០២២។

ចុងក្រោយ ឯកឧត្តម អគ្គាធិការ បានថ្លែងការអរគុណចំពោះឯកឧត្តម អស់លោក ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងវាយតម្លៃកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីវឌ្ឍនភាពរបស់អង្គភាព ទោះក្នុងដំណាក់កូវីដ១៩ក៏ដោយ និងសូមចៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា ដោយចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ