សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសារជូនពរដល់កងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៦ នៃថ្ងៃកំណើតនគរបាលជាតិ
May 15, 2021    អ្នកទស្សនា :

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវមនោសញ្ចេតនាសោមនស្សរីករាយ ចូលរួមអបអរសាទរថ្ងៃរំឭកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ លើកទី៧៦ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ថ្ងៃកំណើតនគរបាលជាតិ និងបានឧទ្ទិសនូវស្នាព្រះហស្ថប្រកបដោយគុណូបការៈដ៏ធំធេងថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលជាស្ថាបនិកនៃអង្គប្រតិបត្តិច្បាប់ដ៏សំខាន់។

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ គឺជាថ្ងៃចាប់បដិសន្ធិ «នគរបាលជាតិ» ក្រោមស្នាព្រះហត្ថរបស់ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ក្នុងព្រះរាជបំណងពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ អង្គប្រតិបត្តិច្បាប់នេះ មានអាយុកាល៧៦ឆ្នាំហើយ។

ក្នុងពេលជាមួយគ្នានេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ បានរំឭក និងឧទ្ទិសដល់វីរភាពដ៏ឧត្ដុង្គឧត្តមរបស់បុព្វបុរស និងរៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ឆ្លងកាត់រាល់ការប្រែប្រួលស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា ដើម្បីបម្រើបុព្វហេតុសន្តិសុខជាតិ ក៏ដូចជាប្រយោជន៍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ សូមឆ្លៀតយកឱកាសនេះ ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្ដីស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ ស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងនិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ប្រកៀកស្មាយ៉ាងរឹងមាំជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូពុះពារឆ្លងកាត់ឧបសគ្គរាប់មិនអស់ ប្តូរផ្តាច់ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ