សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន
February 23, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំក្នុងថ្ងៃនេះគឺដើម្បីពិភាក្សាអំពីស្ថានភាពតាមព្រំដែន និងការរៀបចំកម្លាំងនគរបាលការពារព្រំដែន និងពាក់ព័ន្ធនឹងកំណែទម្រង់នគរបាលការពារព្រំដែន។ សម្ដេចក្រឡាហោម បានបន្ថែមថា ពាក់ព័ន្ធនឹងកំណែទម្រង់នគរបាលការពារព្រំដែន ចាំបាច់ត្រូវមានការរៀបចំផែនការជាក់លាក់ ហើយសម្រាប់នគរបាលការពារនៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយបន្ត គឺមិនមែនត្រឹមតែដោះស្រាយបញ្ហានៅចំពោះមុខនោះទេ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានចាត់ទុកថា កងកម្លាំងនគរបាលការពារព្រំដែន ជាកម្លាំងឈរនៅជួរមុខជាមួយកងយុទ្ធពលខេមរភូមិន្ទក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ សម្ដេចក្រឡាហោម បានបន្តថា ការងាររបស់កងកម្លាំងនគរបាលការពារព្រំដែន ជាកិត្តិយស និងជាមោទនភាពរបស់ក្រសួងមហាផ្ទៃ ដែលរាជរដ្ឋាភិបាលផ្ដល់ការទុកចិត្ត ផ្ដល់តួនាទីរួមជាមួយកងយុទ្ធពលខេមរភូមិន្ទក្នុងការការពារបូរណភាពទឹកដី បន្ថែមពីលើភារកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេស។ សម្ដេចក្រឡាហោម ក៏បានបញ្ជាក់បន្តថា ដើម្បីឲ្យស្របតាមតួនាទីដ៏មានសារៈសំខាន់ និងតបតាមការទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រុមការងារពាក់ព័ន្ធចាំបាច់រួមគ្នាគាំទ្រកងកម្លាំងនគរបាលការពារព្រំដែនឲ្យមានភាពរឹងមាំ ការតាំងចិត្តច្បាស់លាស់ ព្រមទាំងដោះស្រាយបញ្ហានានាផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរាយការណ៍ពីរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារព្រំដែន ដោយលើកឡើងថា ចំពោះការងារទប់ស្កាត់ជំងឺកូវីដ១៩ ក៏មានការពង្រាយកម្លាំងនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការគេចវេសរបស់ពលករដែលចូលមកកម្ពុជា ក៏ដូចជាពលករដែលបម្រុងចេញពីប្រទេស។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា សភាពការណ៍ និងការងារនៅតាមព្រំដែនមានភាពល្អប្រសើរ ជាពិសេស រក្សាបាននូវសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជិតស្និតជាមួយប្រទេសជិតខាង ហើយការរួមចំណែកក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ