សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
February 19, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការជាតិ នាពេលព្រឹកនេះគឺដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។ ឆ្នាំ២០២០កន្លងទៅ គឺឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ បន្ទាប់ពីអនុម័តដោយរាជរដ្ឋាភិបាល កាលពីខែមិថុនា ឆ្នាំ២០១៦ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា មានទស្សនៈវិស័យយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសដៅទៅលើការងារគ្រប់គ្រងទិន្នន័យ អត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ តាមប្រព័ន្ធព័ត៌មានវិទ្យាបែបទំនើប និងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។

សម្ដេចក្រឡាហោម បន្ដថា គោលដៅចំបង និងចុងក្រោយនៃផែនការយុទ្ធសាស្ដ្រជាតិ គឺការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន IP IS និងការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធនេះដើម្បីបម្រើជាប្រយោជន៍ជាតិ។ ការគ្រប់គ្រងប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានានូវសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងជំរុញការវិឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវគោលដៅរបស់ផែនការយុទ្ធសាស្ដ្រ និងរួចចំណែកយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកកម្ពស់អភិបាលកិច្ចល្អ ជាពិសេស លើការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងទៀតថា សមិទ្ធផលរបស់ផែនការយុទ្ធសាស្ដ្រនឹងអាចជួយដល់ប្រជាជនកម្ពុជា ក្នុងការពង្រឹងនិងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ជាពិសេស ក្នុងសហគមន៍អាស៊ាន ការផ្លាស់ប្ដូរកម្លាំងពលកម្ម ការប្រឆាំងអំពើជួញដូរមនុស្ស ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជា ការស្វែងរកឬកំណត់អត្តសញ្ញាណបុគ្គលជាដើម។ សម្ដេចក្រឡាហោម រំលឹកថា នៅឆ្នាំ២០២០កន្លងទៅនេះកម្ពុជា ក៏ដូចជា ប្រទេសជាច្រើននៅលើសកលលោក គឺសុទ្ធទទួលរងនូវផល ប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ជាមួយគ្នានេះ ការអនុវត្តគោលដៅយុទ្ធសាស្ដ្រនីមួយៗ នៃផែនការយុទ្ធសាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ក៏ទទួលរងផលប៉ះពាល់ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីកិច្ចការចំបងៗ ដែលត្រូវខិតខំសម្រេចឲ្យបាន ក្នុងដំណាក់កាលដំបូងនេះ គឺទី១៖ ការរៀបចំគោលនយោបាយ និងក្របខណ្ឌច្បាប់ដែលក្នុងនោះ មានការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម រួមទាំងលិខិតគតិយុត្តមួយចំនួន ទី២៖បង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ដែលហៅកាត់ថា «IP IS» ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធសញ្ញាណជាតិ ទី៣-នៅពេលក្រោយបង្កើតប្រព័ន្ធខាងលើ ជំហ៊ានបន្ទាប់ គឺការភ្ជាប់បណ្ដាញទំនាក់ទំនងរវាងប្រព័ន្ធទាំងអស់ដើម្បីប្រមូលផ្ដុំ និងច្រោះទិន្នន័យប្រព័ន្ធរួម IP IS ដែលជាប្រព័ន្ធព័ត៌មានដ៏ចំបងមួយ ប្រកបដោយគុណភាពសម្រាប់បម្រើឲ្យការពិនិត្យទិន្នន័យអត្តសញ្ញាណបុគ្គល និងតម្រូវការផ្សេងៗទៀត សម្រាប់ជាប្រយោជន៍ជាតិ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានកិច្ចសហការជាមួយអ្នកជំនាញច្បាប់របស់អង្គការ Vital Strategies លើជំនួយបច្ចេកទេស ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ បាន តាក់តែងបញ្ចប់សេចក្តីព្រាងច្បាប់ដំបូង ដែលរួមមាន១២ជំពូក ស្មើនឹង១៦៩មាត្រា។ សេចក្តីព្រាងច្បាប់នេះ បានប្រជុំឆ្លងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ជារៀងរាល់សប្តាហ៍។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា គិតត្រឹមខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអន្តរក្រសួងប្រជុំឆ្លងសម្រេចបានចំនួន២ជំពូក ស្មើនឹង១០១មាត្រា ក្នុងនោះមាន ជំពូកទី១៖ ស្តីពីបទប្បញ្ញត្តិទូទៅ សម្រេចបានទាំងស្រុងមាន ចំនួន៣មាត្រា និងជំពូកទី២៖ ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន សម្រេចបានចំនួន៩៨មាត្រា។ ដោយឡែកជំពូកដែលនៅសល់ នឹងបន្តប្រជុំឆ្លងបញ្ចប់នៅក្នុងឆ្នាំ២០២១បន្តទៀត។

សូមជម្រាបថា យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២០ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ បានឲ្យដឹងថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គលមានសារៈសំខាន់ជាគន្លឹះ និងជាមូលដ្ឋាន គ្រឹះនៃកិច្ចការអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល។ ការងារអត្តសញ្ញាណកម្មបានបង្កប់នូវចរិតលក្ខណៈពិសេសពីរគឺ ៖ ការគ្រប់គ្រងប្រជាពលរដ្ឋ និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ការគ្រប់គ្រងប្រជាពលរដ្ឋគឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ដោយឡែកការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ គឺការប្រើប្រាស់ទិន្នន័យ អត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានាជូនប្រជាពលរដ្ឋ ដូចជា ការផ្តល់សំបុត្រកំណើត អត្តសញ្ញាណបណ្ណ សុំចុះបញ្ជីស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន យានយន្ត ជាដើម។

តាមរបាយការណ៍នេះ បានបញ្ជាក់ថា ឆ្នាំ២០២០ គឺជាឆ្នាំទី៤នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម(ឆ្នាំ២០១៧ -២០២៦)។ ក្នុងឆ្នាំ២០២០ កម្ពុជាក៏ដូចជាប្រទេសជាច្រើននៅលើសកលលោក គឺសុទ្ធតែបានរងនូវផលប៉ះពាល់ដោយសារ វិបត្តិនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ សកម្មភាពមួយចំនួននៃការអនុវត្តផែនការយុទ្ធសាស្ត្រក៏បានរងផលប៉ះពាល់ ដោយផ្នែកផងដែរ។ ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានខិតខំបំពេញការងារ និងសម្រេចបាននូវវឌ្ឍនភាពការងារសំខាន់ៗ ផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ