រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៖ តាមរយៈការអនុវត្តគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល នឹងផ្តល់ដល់ប្រជាពលរដ្ឋឲ្យមានតម្លាភាព
February 18, 2021    អ្នកទស្សនា :

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) រំពឹងទុកថា អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន នឹងចូលរួមយល់ដឹងបន្ថែមទៀត ក្នុងការអនុវត្ត «គម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២» ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានសកម្មភាពជាងមុន ជាពិសេស តម្លាភាព ប្រសិទ្ធិភាព និងយុត្តិធម៌។

ក្នុងពិធីសម្ពោធការដាក់ឲ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា សកម្មភាពផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ស្ថិតក្នុងចំណោមសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខណ្ឌកំណែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីនៅកម្ពុជាមានជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្ដែយើងបានជំរុញការរៀបចំគោលនយោបាយ យុទ្ធសាស្ដ្រ និងជាផែនការសកម្មភាពដែលអនុវត្តនាពេលនេះ គឺជាកិច្ចការមួយនៅតែបន្តទៅមុខ។ ហើយយើង សង្ឃឹមថា កិច្ចការងារនេះ (គណនេយ្យភាពសង្គម ដំណាក់កាលទី២) នឹងចូលរួមពីអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន អាចយល់ដឹងច្រើនទៀត ដើម្បីអនុវត្តមូលដ្ឋានរបស់ខ្លួន មានភាពសកម្មជាងមុនបន្ថែមទៀត»។

ឯកឧត្តមរំលឹកថា សកម្មភាពផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី១ រាជរដ្ឋាភិបាល ក៏ទទួលបានបទពិសោធន៍ជាច្រើនផងដែរ។ បច្ចុប្បន្ននេះ គម្រោងអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ គឺចាប់អនុវត្តតាំងពីឆ្នាំ២០១៩ រហូតដល់ ឆ្នាំ២០២៣ ដើម្បីពង្រឹងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមបន្ដថា ការពង្រឹងអភិបាលកិច្ច ដើម្បីកែលម្អកំណែទម្រង់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត។

បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានរៀបរាប់ថា គម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ អាចមានវិសាលភាពធំជាងដំណាក់កាលទី១ ដោយសារតែដំណាក់កាលទី១ ធ្វើឡើងតែសេវាសុខាភិបាល សេវាអប់រំ សេវារដ្ឋបាលឃុំ-សង្កាត់។ ប៉ុន្តែឥឡូវនេះ ដំណាក់កាលទី២ បានពង្រីកកិច្ចការងារមួយចំនួនទៀត ហើយក៏បានពង្រីកដល់ខេត្ត-ក្រុង មួយចំនួន ដើម្បីធ្វើយ៉ាងឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងក្រោមជាតិ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈសកម្មភាពខាងលើ ប្រជាពលរដ្ឋ ជាពិសេស ស្ត្រី កុមារ យុវជន ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស នឹងទទួលបានផលប្រយោជន៍ ពីការអនុវត្តគម្រោងគាំទ្រផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ។

សូមជម្រាបថា គម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ នេះ មានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣ ខាងមុខនេះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ