គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំពិធីសម្ពោធដាក់ឲ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២
February 18, 2021    អ្នកទស្សនា :

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) បានរៀបចំពិធីសម្ពោធដាក់ឲ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស) និងអមដំណើរដោយឯកឧត្តម នី កឹមសាន អនុប្រធានលេខាធិការដ្ឋាន (គ.ជ.អ.ប) តំណាង ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន (គ.ជ.អ.ប) ដែលប្រព្រឹត្តទៅនៅសណ្ធាគារ Raffles Hotel Le Royal ដោយមានការចូលរួមពី តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដែលជាដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។

 

នាឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន (គ.គ.អ.ស) បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ស្ថាប័ន និងភាគីពាក់ព័ន្ធដែលបានរួមចំណែកលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌សង្គម និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន។

ឯកឧត្តម ងី ច័ន្ទ្រផល បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (ISAF) នេះ ដើម្បីពង្រឹងសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងពលរដ្ឋ និងពង្រីកគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមទាំងអស់ឲ្យកែលម្អការផ្តល់សេវាសាធារណៈបានកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម បានបន្ថែមទៀតថា ការពង្រឹងវិសាលភាពគ្របដណ្តប់របស់ ISAF នឹងកាន់តែបង្កើនសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគណនេយ្យភាព ព្រមទាំងឆ្លើយតបទៅតាមការវិវត្តន៍ប្រែប្រួលនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងវិស័យឯកជននាពេលអនាគត់។

លើសពីនេះទៀត ឯកឧត្តម មានប្រសាសន៍ថា យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល បានដាក់ចេញនូវទិសដៅអាទិភាពមួយចំនួនដើម្បី កំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ ក្នុងនោះ គោលដៅទី៤៖ គឺបន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់វិនិយោគ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនេះ មានគោលបំណង ដើម្បីផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាននានា និង ចូលរួមត្រួតពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាងនេះទៀត ឯកឧត្តម បានបន្ថែមថា ផែនការអនុវត្តគណនេយ្យភាពសង្គម មាន២ដំណាក់កាល ដែលផែនការដំណាក់កាលទី១ (២០១៦-២០១៨) បានអនុវត្តរួចមកហើយលើវិស័យបីគឺ៖ រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាពដែល គ្របដណ្តប់លើស្រុកគោលដៅចំនួន៩៨ នៃខេត្តចំនួន១៨។

និងដំណាក់កាលទី២នេះ មានរយៈពេល៥ឆ្នាំ (២០១៩-២០២៣) ហើយនៅក្នុងឆ្នាំ២០២០កន្លងទៅ ការអនុវត្តការងារគណនេយ្យភាពសង្គមនេះ បានគ្របដណ្តប់លើ ក្រុង ស្រុក ខណ្ឌ គោលដៅចំនួន១៧០ ក្នុងរាជធានី ខេត្តចំនួន២៤ ដែលផ្តោត សំខាន់លើអង្គភាពផ្តល់សេវារដ្ឋបាលឃុំ សង្កាត់ចំនួន១.៣៩៨ សាលាបឋមសិក្សាចំនួន ៦.១៩០ និងមណ្ឌលសុខភាព ចំនួន១.០៩៥។

ឯកឧត្តម បានមានប្រសាសន៍ថា តាមរយៈសកម្មភាពខាងលើ ឯកឧត្តម សង្ឃឹមថាប្រជាពលរដ្ឋ ជាពិសេសស្រ្តី កុមារ យុវជន ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស នឹងទទួលបានផលប្រយោជន៍ពីការអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់ទី២ នេះ។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យ ចូលរួមសហការបន្តប្រកបដោយភាពស្មោះស្មគ្រ័ និងសកម្ម ក្នុងការអនុវត្តតាមដាន និងវាយតម្លៃនូវការអនុវត្តសកម្មភាពទាំងអស់នេះដើម្បីជាប្រយោជន៏ជូនប្រជាពលរដ្ឋ និងសង្គមជាតិ តាមគោលបំណង និងទិសដៅដែលបានគ្រោងទុក។

សូមជម្រាបផងដែរថា គម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ដែលត្រូវបានសម្ពោធដាក់ឲ្យអនុវត្តនាពេលនេះមាន ចំនួន០២គម្រោង រួមមាន៖

១-គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងទី២-គម្រោងការផ្សារភ្ជាប់ប្រជាពលរដ្ឋដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈតាមរយៈការងារគណនេយ្យភាពសង្គម អនុវត្តដោយអង្គការទស្សនៈពិភពលោក។ ដែលគម្រោងទាំង០២នេះ ទទួលបានការគាំទ្រពីថវិកាពីមូលនិធិបរធនបាលកិច្ចគ្រប់គ្រងដោយធនាគារពិភពលោក (World Bank) ក្រោមការផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស សរុបចំនួន ៩,៦លានដុល្លារសហរដ្ឋអាមេរិក។ ដែលគម្រោងទាំងនេះ នឹងជួយគាំទ្រដល់ការអនុវត្តរយៈពេល០៥ឆ្នាំ ដល់ផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ សម្រាប់ (២០១៩-២០២៣) និងមានគោលបំណង បង្កើនការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់សេវា សាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តាមរយៈការលើកកម្ពស់តម្លាភាព ការចូលរួមរបស់ប្រជា ពលរដ្ឋ និងការឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋ ស្របទៅតាមកម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយផ្តោតលើ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលដើរតួដ៏សំខាន់ក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ ហើយផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ គ្រោងនឹងអនុវត្តនៅរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងនឹងត្រូវអនុវត្តនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបន្តការយក ចិត្តទុកដាក់លើក្រុមគោលដៅជាស្ត្រី យុវជន និងក្រុមជនងាយរងគ្រោះនានាបន្តពីការអនុវត្តផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី១ ព្រមទាំងលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្នដែល រួមមាន៖ ជនជាតិដើមភាគតិច មនុស្សចាស់ ជនពិការ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ក្រុមអ្នកស្រឡាញ់ ភេទដូចគ្នា (LGBTQI) និងសិស្សានុសិស្ស ព្រមទាំងជ្រើសរើសក្រុមជនងាយរងគ្រោះនានាធ្វើជាអ្នក សម្របសម្រួលគណនេយ្យភាពសហគមន៍ផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ