អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់លើកទី៤
February 18, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់លើកទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីអគ្គនាយករង តំណាងពីនាយកដ្ឋានរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល នាយករដ្ឋបាលនៃរដ្ឋបាលរាជធានី ខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ត ជាច្រើនរូបផងដែរ។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា កិច្ចប្រជុំក្នុងថ្ងៃនេះ​គឺរួមគ្នាពិនិត្យលើកការអនុវត្តការងារ ការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុងស្រុក ដែលជាបញ្ហាចាំបាច់ និងមានសារៈសំខាន់ ដោយហេតុថា ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកើតឡើង និងជាពិសេសពិភាក្សាលើការងារកំណត់និមិត្តសញ្ញារបស់រាជធានី ខេត្ត។ ឯកឧត្តម បានបន្តថា បើទោះជាជួបបញ្ហានៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កិច្ចការនានានៅតែដំណើរការតាមធម្មតា ដោយវិធីសាស្ត្រនៃការប្រាស្រ័យទាក់ទងមានការផ្លាស់ប្ដូរ និងមានរបៀបរបបនៃការរស់នៅតាមបែបគន្លងថ្មី។

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង និងជាប្រធាននាយកដ្ឋានរាជធានី ខេត្ត និងខណ្ឌ នៃអគ្គនាយកដ្ឋានរដ្ឋបាល បានធ្វើបទបង្ហាញស្ដីពីបទពិសោធន៍នៃការរៀបចំនិមិត្តសញ្ញារបស់រាជធានី ខេត្ត ដោយបានឡើងថា ការកំណត់និមិត្តសញ្ញារបស់រាជធានី ខេត្ត គឺរៀបចំឡើងដោយផ្អែកលើកត្តាសំខាន់ៗ រួមមាន ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ កាលប្បវត្តិ និងនិងលក្ខណៈសម្បត្តិពិសេសេនៃអត្តសញ្ញាណរបស់រដ្ឋបាលរាជធានី ខេត្ត នីមួយៗ។ ឯកឧត្តម បានបន្តថា និមិត្តសញ្ញាជារូបតំណាងសម្រាប់សម្គាលអត្តសញ្ញាណ ដែលងាយស្រួលចំណាំ និងរចនាឡើងដោយមានការទទួលស្គាល់ជាផ្លូវការ សម្រាប់ដាក់ប្រើប្រាស់នៅកន្លែងបំពេញការងារ, ជាទង់និមិត្តសញ្ញារាជធានី ខេត្ត, ប្រើប្រាស់លើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រផ្លូវការ, ប្រើប្រាស់ក្នុងពិធីនានារបស់រដ្ឋបាលរាជធានី ខេត្ត, ប្រើប្រាស់ជាផ្លូវការក្នុងករណីផ្សេងៗដែលចាំបាច់, និងលើបង្កាន់ដៃបង់ប្រាក់របស់រដ្ឋបាលរាជធានី ខេត្តជាដើម។

ជាងនេះទៅទៀត ឯកឧត្តម អគ្គនាយករង បានបញ្ជាក់ថា ការរៀបចំនិមិត្តសញ្ញានេះ គឺមានតម្លៃ និងមានសារៈសំខាន់ ដើម្បីចងក្រងទុកជាឯកសារប្រវតិសាស្ត្រ និងរួមចំណែកលើកកម្ពស់ចំណេះដឹងសាធារណៈជន ជាពិសសេសសម្រាប់មនុស្សជំនាន់ក្រោយឲ្យយល់ពីអត្ថន័យ ខ្លឹមសារនិងអត្តសញ្ញាណ នៃនិមិត្តសញ្ញារបស់រដ្ឋបាលរាជធានី ខេត្ត។ ឯកឧត្តម បានបន្ថែមថា ក្រសួងមហាផ្ទៃ បានទទួលស្គាល់និមិត្តសញ្ញារបស់រាជធានី ខេត្តចំនួន២៤រួចមកហើយ ប៉ុន្តែ ដោយឡែក ខេត្តសៀមរាបមិនទាន់បានដាក់ស្នើសុំក្រសួងមហាផ្ទៃដើម្បីប្រើប្រាស់នោះទេ។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធបង្កើតជាគណៈកម្មការសម្រាប់រៀបចំនិមិត្តសញ្ញានេះ ដោយលើកយកលក្ខណៈពិសេសរបស់ទីតាំងភូមិសាស្ត្ររបស់ខ្លួន ដែលសាធារណៈជនអាចសម្គាល់បាន បន្ទាប់មកបញ្ជូនទៅកាន់រដ្ឋបាលថ្នាក់រាជធានី ខណ្ឌ និងខេត្ត ក្នុងការជូនជាយោបល់សម្រាប់កែសម្រួល មុននឹងបញ្ជូននិមិត្តសញ្ញាចុងក្រោយមកកាន់ក្រសួងមហាផ្ទៃ។

គួរជម្រាបថា កិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់លើកទី៤ ដែលប្រព្រឹត្តទៅពេញមួយថ្ងៃនេះ មានគោលបំណង៖

- ពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនៃការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុកខណ្ឌ និងជំរុញការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក្នុងការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់

- ពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនៃការរៀបចំ និងការអនុវត្តគម្រោងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ និងពង្រឹងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក្នុងការរៀបចំ និងអនុវត្តគម្រោងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ