ក្រសួងមហាផ្ទៃ បន្តពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការរបស់JICA ដើម្បីរួមចំណែកក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា
February 16, 2021    អ្នកទស្សនា :

ក្រសួងមហាផ្ទៃ បន្តកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ជាមួយអង្គការ JICA ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយនេះក៏ជាការរួមចំណែកក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រោយជំនួបពិភាក្សាការងាររបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកស្រីKAMEI Haruko ប្រធានតំណាងថ្មីនៃJICA នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស លោកស្រីប្រធានតំណាងថ្មី បានឱ្យដឹងដែរថា JICAកំពុងតែសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ និងក្រោមជាតិ ដោយឡែកចំពោះគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លោកស្រីយល់ឃើញថា ការជួយបណ្តុះបណ្តាលសមត្ថភាពពិតជាមានសារៈសំខាន់ណាស់ដល់គោលនយោបាយនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្ថែមថា សម្តេចក្រឡាហោម ក៏បានលើកឡើងពីកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការថា បើទោះបីជាជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តខិតខំប្រឹងប្រែង ដែលនេះបង្ហាញឱ្យឃើញតាមរយៈសមទ្ធិផលដូចជា ការរៀបចំការបោះឆ្នោត និងលទ្ធផលនានាដែលសម្រេចបានក្នុងកម្មវិធីជាតិរយៈពេល១០ឆ្នាំកន្កងទៅ។ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងដែរថា នៅពេលនេះ កម្មវិធីជាតិរយៈពេល១០ឆ្នាំនៃកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការគឺបានបញ្ចប់ហើយ ដោយរាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធី១០ឆ្នាំបន្តទៀតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដែលផ្តោតសំខាន់លើចំនុចពីរ៖ ទី១ គឺការផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២គឺការលើកកម្ពស់សមត្ថភាពធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ បច្ចុប្បន្នក្រសួងមហាផ្ទៃក៏បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់តាមរយៈការសហការជាមួយដៃគូរអភិវឌ្ឍន៍នានាក្នុងការសាងសង់សាលាបណ្តុះបណ្តាលដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យរង បានអោយដឹងទៀតថា លោកស្រីKAMEI Haruko ប្រធានតំណាងថ្មីនៃJICAបានបញ្ជាក់ដែរថា បច្ចុប្បន្នសហការីរបស់លោកស្រីកំពុងតែសហការជាមួយអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លើកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយលោកស្រីក៏សូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សម្តេចក្រឡាហោម ក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីបម្រើដល់ការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត ក៏បានបញ្ជាក់បន្ថែមផងដែរថា សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការជឿជាក់ថានៅក្នុងអណត្តិរបស់លោកស្រីKAMEI Haruko ប្រធានតំណាងថ្មីនៃJICAកម្ពុជានឹងជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាក្រសួងមហាផ្ទៃ និងJICAឱ្យកាន់តែល្អប្រសើរឡើង៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ