សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់រាជធានី-ខេត្តត្រូវចុះបណ្តុះបណ្តាលដល់មន្ត្រីដែលបំរើសេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ
February 16, 2021    អ្នកទស្សនា :

ប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ស្រុកត្រូវចុះទៅបណ្តុះបណ្តាល ណែនាំ និងជួយជ្រុមជ្រែងដល់មន្ត្រីដែលបំរើសេវាជាមួយប្រជាពលរដ្ឋដែលក្នុងនោះរួមមាន៖ទី១ មេឃុំ /ចៅសង្កាត់, ទី២ ស្មៀនឃុំ/ ស្មៀនសង្កាត់, ទី៣ មេប៉ុស្ត៍ /នគរបាលឃុំ, និងទី៤មេភូមិ ទាំងនៅទីក្រុង និងជនបទ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានលើកទឹកចិត្តឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលរាជធានី -ខេត្តបន្តណែនាំដល់ក្រុមការងារថ្នាក់ស្រុកចុះទៅណែនាំដល់មេឃុំ /ចៅសង្កាត់), ស្មៀនឃុំ /ស្មៀនសង្កាត់, មេប៉ុស្ត៍ /នគរបាលឃុំ, និងមេភូមិទាំងនៅក្រុង និងជនបទដែលជាអ្នកធ្វើការងារបំរើសេវាដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អដោយទង្វើទាំងនេះធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្តហើយនឹងគាំទ្រដល់រាជរដ្ឋាភិបាល។ សម្តេចក្រឡាហោម ស ខេងបានបន្ថែមទៀតថា រាល់ការជួបប្រជុំណែនាំជាមួយមន្ត្រីបំរើសេវាសាធារណរបស់យើងគឺពុំមែនក្នុងន័យស្តីបន្ទោសនោះទេ ប៉ុន្តែដើម្បីធ្វើការតម្រង់ទិសលើកទឹកចិត្ត និងជួយជ្រុមជ្រែងឱ្យការងារពួកគាត់ធ្វើកាន់តែល្អប្រសើរឡើង។ សម្តេចក្រឡាហោម ស ខេង បានបន្តថា ការផ្តល់សេវាសាធារណៈបានល្អ គឺស្ថិតនៅក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលក្នុងនោះ មេឃុំ /ចៅសង្កាត់, ស្មៀនឃុំ /ស្មៀនសង្កាត់, មេប៉ុស្ត៍ /នគរបាលឃុំ, និងមេភូមិ ផ្តល់ជូនដល់ប្រជាពលរដ្ឋនូវសេវាចាំបាច់ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍, និងឯកសារសំខាន់ៗជាច្រើនទៀត ដូច្នេះការងារនេះយើងពុំអាចបន្ទោសពីចម្ងាយនោះទេ ត្រូវតែធ្វើការផ្ទាល់ជាមួយពួកគាត់។

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកទឹកចិត្តឱ្យបន្ថែមការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ដោយមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងជាពិសេសផ្សព្វផ្សាយពីគោលនយោបាយនេះឱ្យកាន់តែទូលាយថែមទៀតផង៕

ដោយ៖ នាយកដ្ឋានព័ត៌មាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ