សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ
February 17, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះ គឺដើម្បីឆ្លងខ្លឹមសាររបាយការណ៍សម្រាប់បម្រើឲ្យសន្និបាតក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ និង២៥ ខែកុម្ភៈ  ខាងមុខនេះ។ សម្ដេចក្រឡាហោម បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងគ្រប់អគ្គនាយកដ្ឋានដែលបានផ្ដល់ជារបាយការណ៍មូលដ្ឋាន សម្រាប់ក្រុមការងារបូកសរុបជារបាយការណ៍រួម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដកស្រង់សង្ខេប ដោយលើកឡើងថា របាយការណ៍ព្រាងសម្រាប់បម្រើឲ្យសន្និបាតក្រសួងមហាផ្ទៃនាពេលខាងមុខនេះ រួមមានសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០កន្លងមករបស់អគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ បញ្ហាប្រឈមនានា និងទិសដៅការងារសម្រាប់ឆ្នាំ២០២១។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ការចងក្រងជាឯកសាររបាយការណ៍នេះ ធ្វើឡើងទៅបានដោយមានការចូលរួមសហការយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងផ្នែកពាក់ព័ន្ធនានា នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានលើកឡើងផងដែរថា សន្និបាតក្រសួងមហាផ្ទៃ គឺមានការអញ្ជើញចូលរួមពីក្របខណ្ឌថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសពីតំណាងក្រសួង មន្ទីរ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំថ្នាក់ខេត្តផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា សន្និបាតក្រសួងមហាផ្ទៃដ៏មានសារៈសំខាន់នេះ នឹងមានសុន្ទរកថាបើកដ៏ខ្ពស់ខ្ពង់របស់សម្ដេចក្រឡាហោម អំពីលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១, ការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏ដូចជាការពិភាក្សាជាក្រុមផងដែរ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ