សម្ដេចក្រឡាហោម ស ខេង ៖ សមត្ថកិច្ចជំនាញទាំងអស់ត្រូវសិក្សាពីប្រភពអោយច្បាស់ លើករណីការចរាចរណ៍គ្រឿងញៀនមកកាន់កម្ពុជា ដែលសមត្ថកិច្ចទើបបង្រ្កាបបានកន្លងទៅថ្មីៗនេះ
February 09, 2021    អ្នកទស្សនា :

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សមត្ថកិច្ចជំនាញទាំងអស់ត្រូវសិក្សាពីប្រភពអោយបានច្បាស់លើករណីការចរាចរណ៍គ្រឿងញៀនមកកាន់កម្ពុជា ដែលសមត្ថកិច្ចទើបបង្រ្កាបបានកន្លងទៅថ្មីៗនេះ។ សម្តេចក្រឡាហោម បញ្ជាក់ដូច្នេះថា «ឥឡូវនេះយើងឃើញថា គ្រឿងញៀន ហាក់បីដូចជា មានចរាចរណ៍កាន់តែច្រើន យើងចាប់បានកាន់តែច្រើន ហើយឥឡូវនេះ យើងបន្ដសិក្សាបន្ដទៀត តើមូលហេតុអ្វីខ្លះ?។ ប៉ុន្មានថ្ងៃមុននេះចាប់បានគ្រឿងញៀនជាង៥០០គីឡូក្រោម យកទៅលាក់ទុកនៅលើកោះ ក្នុងខេត្តព្រះសីហនុ ឥឡូវសមត្ថកិច្ច បានប្រមូលទុកអស់ហើយ»។

សម្ដេចក្រឡាហោម បន្ដថា គ្រឿងញៀនជាង៥០០គីឡូក្រោម ដែលរឹបអូសយកមកបាននៅខេត្តព្រះសីហនុ មិនមែនប្រើប្រាស់នៅកម្ពុជាទាំងអស់នោះទេ តែក្រុមទាំងនោះបានយកទៅបន្ដបែងចែកតាមបណ្ដាប្រទេសផ្សេងៗទៀត ដូចជា វៀតណាម ថៃ ជាដើម ដែលធ្វើឡើងតាមផ្លូវសមុទ្រ។
 
ស្របពេលនោះផងដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំទៅដល់សមត្ថកិច្ចទាំងអស់ទូទាំងប្រទេស ត្រូវបន្ដពង្រឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ