ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារស្ដីពីបេសកកម្មសិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិច
February 05, 2021    អ្នកទស្សនា :

នៅទីស្ដីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារស្ដីពីបេសកកម្មសិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិច ដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល ក៏ដូចជាដៃគូរសហការនានាដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សម្ដេចក្រឡាហោម  បានអញ្ជើញចុះទៅសំណេះសំណាលជាមួយមន្ត្រី និងប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ហើយនៅខេត្តមណ្ឌលគិរីនេះ នៅមានបញ្ហាប្រឈមច្រើន រួមទាំងដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។ ពាក់ព័ន្ធនឹងដីសហគមន៍នេះ ឯកឧត្តម បានបន្តថា ការសិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិចនៅមិនទាន់មានការសិក្សាស្រាវជ្រាវបានគ្រប់គ្រាន់នៅឡើយ ហើយនៅមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធដើម្បីរៀបចំ និង បំពេញកិច្ចការងារនេះឲ្យកាន់តែសុក្រឹត្យ។ បន្ថែមពីនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រុមការងារត្រូវរួមគ្នាសិក្សាពីបញ្ហាប្រឈមនានារបស់បងប្អូនជនជាតិដើមភាគតិច ហើយតើគួរមានវិធីសាស្ត្រ ឬកម្មវិធីបែបណា ដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគាត់នាពេលអនាគត។

ឯកឧត្តម រដ្ឋលេខាធិការ បានស្នើដល់អង្គប្រជុំឲ្យចូលរួមជាមតិយោបល់ដើម្បីទទួលបាននូវធាតុចូលនានាក្នុងការរិះរកវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈម និងដំណើរការនៃការសិក្សា ស្រាវជ្រាវ លើការគ្រប់គ្រង និងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិចទទួលបានលទ្ធផលល្អប្រសើរ ក្នុងការដាក់សំណើទៅកាន់រាជរដ្ឋាភិបាល និងមានការសិក្សារួមគ្នាជាមួយក្រសួងពាក់ព័ន្ធនានា។ ព្រមជាមួយគ្នានេះ ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានលើកឡើងថា យើងត្រូវមានការយកចិត្តទុកដាក់ដល់ជនជាតិដើមភាគតិច ក៏ដូចជាការគ្រប់គ្រង និងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិចផងដែរ។

គួរជម្រាបជូនថា កាលពីឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់ការអភិវឌ្ឍជនជាតិភាគតិច សហការជាមួយកម្មវិធីអង្គការសហប្រជាជាតិ ដើម្បីធ្វើការអភិវឌ្ឍដល់បងប្អូនជនជាតិដើមភាគតិចដែលកំពុងរស់នៅក្នុងតំបន់ភ្នំ និងខ្ពង់រាប។ បន្ថែមពីនេះ ក្នុងឆ្នាំ២០០៩ សម្រាប់ការអភិវឌ្ឍជនជាតិដើមភាគតិច រាជរដ្ឋាភិបាលមានគោលនយោបាយមួយចំនួន ដូចជា គោលនយោបាយស្ដីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិចនៅព្រះរាជាណាចក្រកម្ពុជា គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ជាងនេះទៅទៀត ក្នុងឆ្នាំ២០១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ មានសមត្ថកិច្ចក្នុងការផ្ដល់ភាពជានីតិបុគ្គល ជូនដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីទទួលបានសិទ្ធិពេញលេញសម្រាប់ស្នើសុំចុះបញ្ជីជាកម្មសិទ្ធិសមូភាព៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ