ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើជំពូកទី០៣ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
February 03, 2021    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើមាត្រា១០១, មាត្រា១០២, និងមាត្រា១០៣ នៃជំពូកទី៣ ស្ដីពីការចុះបញ្ជីស្នាក់នៅ ក្រោមអធិបតីភាពលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៣ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានលើកឡើងថា កាលពីសប្ដាហ៍មុន អង្គប្រជុំបានពិភាក្សាចប់លើជំពូកទី២ ហើយក្នុងថ្ងៃនេះ នឹងបន្តពិនិត្យលើជំពូកទី៣។ លោកជំទាវ បានបន្តថា ការពិភាក្សានៅជំពូកក្រោយៗ អាចមានចន្លោះ ឬចំណុចដែលត្រូវបន្ថែម អង្គប្រជុំអាចរួមគ្នាពិនិត្យ និងកែសម្រួលបាន ដោយស្របតាមទឡ្ហីករណ៍ផ្លូវច្បាប់ត្រឹមត្រូវ។ ព្រមជាមួយគ្នានេះ លោកជំទាវ ក៏បានបន្ថែមថា ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំអាចបញ្ចូលខ្លឹមសារ ឬចំណុចណាមួយបាន ដោយហេតុថាច្បាប់នេះនៅជាសេចក្ដីព្រាងនៅឡើយ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង១៦៩មាត្រា។ ដែលមានគោលបំណងដូចជា ៖

ទី១-ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី២-ធានាឲ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី៣-ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី៤-ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។

និងទី៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។

ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានចំនួន២៦លើក៕ កញ្ញា

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ