សម្ដេចក្រឡាហោម ស ខេង ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ
February 02, 2021    អ្នកទស្សនា :

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសថា បើមិនចង់អស់ថវិកា ឬខាតពេលវេលា ក្នុងការធ្វើដំណើរត្រូវចូលគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា។

ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់សាជាថ្មីថា គោលបំណងនៃការរឹតបន្ដឹងច្បាប់ចរាចណ៍ផ្លូវគោកនៅកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយគ្មានបំណងគៀបសង្កត់យកថវិកាពីប្រជាពលរដ្ឋឡើយ។ ជាពិសេស កាត់បន្ថយអ្នកស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «នាពេលកន្លងទៅយើងបានរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះយើងបានទទួលបានប្រតិកម្មចម្រុះ មានប្រតិកម្មគាំទ្រ និងមិនគាំទ្រ។ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គណៈកម្មាធិការដែលមានខ្ញុំជាប្រធាន មិនមានបំណងណាមួយមិនល្អនោះទេ បំណងសំខាន់ជាងគេរបស់ខ្ញុំ គឺការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ជារួម កាត់បន្ថយមនុស្សស្លាប់ ឬការពារអាយុជីវិតរបស់មនុស្ស និងការពារមនុស្សកុំឲ្យរងរបួស»។

សម្ដេចក្រឡាហោម បន្ដថា «ហើយគ្មានបំណងគៀបសង្កត់ប្រជាជន ដើម្បីយកលុយមកចែកគ្នា ឲ្យអ្នកនេះ ឲ្យអ្នកនោះទេ។ ប៉ុន្ដែអនុវត្តជាក់ស្ដែងទៅ រហូតមកដល់ពេលនេះ មានប្រសិទ្ធភាព ហើយណែនាំសមត្ថកិច្ចរបស់យើងកុំឲ្យប៉ះពាល់ជា មួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋលោកគាំទ្រ។ ហើយកាលណុងមានប្រជាពលរដ្ឋមួយចំនួនថា មានជំងឺកូវីដ១៩ ហើយផាកពិន័យធ្ងន់ទៀត។ ហើយខ្ញុំឆ្លើយទៅវិញថា បើមិនចង់ឲ្យបាត់បង់លុយ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ដើម្បីខ្លួនឯង»។

សម្ដេចក្រឡាហោម បញ្ជាក់ថា ការចូលរួមគោរពច្បាប់ចរាចរណ៍គឺការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងអ្នកដ៏ទៃ។ សម្ដេចក្រឡាហោម ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ